[វីដេអូ] Ep.71 ប្រធានបទ៖ ជំងឺរលាកទងសួតលើកុមារ
ជំងឺរលាកទងសួត កើតឡើងដោយសារការហើមនៃទងសួតតូចៗ ធ្វើឲ្យស្ទះសួតពិបាកចាប់យកអុកស៊ីហ្សែន ជាហេតុនាំឲ្យអ្នកជំងឺត្រូវដកដង្ហើមញាប់ជាងធម្មតា ឬដង្ហក់ខ្លាំង រហូតមានអាការៈស្វាយបបូរមាត់ ស្វាយចុងដៃឬចុងជើង។
រោគសញ្ញា
ការរលាកទងសួតរយៈពេលមួយទៅពីរថ្ងៃដំបូង មានរោគសញ្ញាដូចជំងឺផ្ដាសាយទូទៅ ដែលក្មេងមានអាការៈក្រដាស ក្អក និងក្ដៅខ្លួនតិចៗ។ តែចាប់ពីបីថ្ងៃឡើងទៅអាការៈក្ដៅខ្លួន និងក្អកកាន់តែខ្លាំងរហូតដល់ហត់ (ដង្ហើមញាប់)។ ករណីខ្លះអាចដង្ហើមញាប់ខ្លាំង ធ្វើឲ្យផតទ្រូង ផតសាច់ដុំចន្លោះឆ្អឹងជំនី ជួនកាលអាចផតនៅត្រង់កថែមទៀត។
វិធីព្យាបាល
- ក្នុងដំណាក់កាលដំបូងនៃជំងឺស្រាល គ្រូពេទ្យព្យាបាលដោយប្រើថ្នាំបញ្ចុះកម្ដៅ ហើយចំពោះអាការៈក្អក ស្ទះដង្ហើមដោយសារស្លេសឬសំបោរវិញគេអាចប្រើមធ្យោបាយលាងច្រមុះដោយប្រើសេរ៉ូមប្រៃ និងសារាំងបាញ់ច្រមុះយកស្លេសឬសំបោរចេញពីបំពង់ដង្ហើមតាមបច្ចេកវិទ្យាត្រឹមត្រូវរបស់គ្រូពេទ្យជំនាញ។
- ករណីធ្ងន់ធ្ងរ ដល់កម្រិតដង្ហើមញាប់ ដែលក្មេងដង្ហក់ខ្លាំងរហូតដល់ស្វាយបបូរមាត់ គ្រួពេទ្យនឹងព្យាបាលដោយ ត្រូវដាក់អុកស៊ីសែនដើម្បីបង្ការគ្រោះថ្នាក់ និងជំនួយដង្ហើមកុមារ។ ក្នុងនោះបើកុមារនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ គេត្រូវប្រើថ្នាំឆ្ពុងពង្រីកទងសួត ព្រមទាំងប្រើថ្នាំបញ្ចុះកម្ដៅ និងរលាយស្លេស។
កត្តាប្រឈម
ជំងឺរលាកទងសួតភាគច្រើនកើតលើកុមារតូចៗ ជាពិសេសក្រោមអាយុពីរឆ្នាំ។ ក្នុងករណីដែលក្មេងមានអាការៈហត់ ឬឈានដល់ស្វាយបបូរមាត់ តែអាណាព្យាបាលមិនបានដឹង និងបញ្ជូនក្មេងមកព្យាបាលទាន់ពេលវេលាទេ វាអាចធ្វើឲ្យកុមារបាត់បង់អុកស៊ីសែនខ្លាំង រហូតអាចនឹងមានគ្រោះថ្នាក់បាត់បង់ជីវិត។
វិធីសាស្រ្តការពារ
ដើម្បីអាចការពារកុមារពីជំងឺរលាកទងសួតដំណាក់កាលធ្ងន់ធ្ងរបាន អាណាព្យាបាលត្រូវតែមានការយកចិត្តទុកដាក់តាមដានសុខភាព និងរោគសញ្ញានានាដែលលេចចេញមុនពេលកុមារធ្វើទុក្ខខ្លាំងដល់ដង្ហក់។ លើសពីនោះមានកត្តាមួយចំនួនដែលគួរជៀសវាងដូចជា៖
- ខ្យល់ត្រជាក់ខ្លាំងដោយប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ គប្បីពុំគួរដាក់ជាប់មុខកុមារឡើយ ព្រោះវាអាចធ្វើឲ្យស្ងួតបំពង់ដង្ហើមងាយនឹងកើតមានអាការៈផ្ដាសាយ ឬឈានដល់ការហត់។
- ការពារកុំឲ្យមានការឆ្លងមេរោគផ្ដាសាយ ឬរោគផ្លូវដង្ហើមនានា ដោយការរក្សាអនាម័យលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់។
- ជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ រួមមានអាហារដែលសម្បូរវីតាមីនខ្ពស់ ដូចជាទឹកដោះគោ និងគួរជៀសវាងអាហារ ឬភេសជ្ជៈណាដែលត្រជាក់ខ្លាំង។
សារដ៏មានសារៈប្រយោជន៍
ការរក្សាបាននូវអនាម័យ គឺជាការធានាបាននូវការកើតមានជំងឺរលាកទងសួតកុមារ។ គួបផ្សំនឹងរបបអាហារដែលត្រឹមត្រូវ ព្រមទាំងការការពារពីដំណាក់កាលដំបូង ដោយការចាក់វ៉ាក់សាំងបង្ការផ្ដាសាយ ការការពារកុមារពីសីតុណ្ហភាពត្រជាក់ ទើបយើងអាចធានាបាននូវរបាំងការពារជំងឺមួយនេះបាន៕