ក្រុមហ៊ុនឱសថដ៏ធំបំផុតលំដាប់ពិភពលោក បានសហការជាមួយសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា រៀបចំព្រឹត្តិការណ៍ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តរបស់សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា

នៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2022-ឡាបូ Boehringer Ingelhem (BI) ដែលជាក្រុមហ៊ុនឱសថមួយក្នុងចំណោមក្រុមហ៊ុនឱសថដ៏ធំបំផុតលើពិភពលោក ចែកចាយក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន ឌីខេអេសអេច (DKSH) ខេមបូឌា បានសហការជាមួយសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅ កម្ពុជា ហៅកាត់ថា CSDE ដើម្បីរៀបចំព្រឹត្តិការណ៍ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តរបស់សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា ដោយមានក្រុមគ្រូពេទ្យចូលរួមផ្ទាល់ និងអនឡាញតាមរយៈប្រព័ន្ធ Zoom ។

 
ក្រុមហ៊ុនឱសថដ៏ធំបំផុតលំដាប់ពិភពលោក បានសហការជាមួយសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា រៀបចំព្រឹត្តិការណ៍ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តរបស់សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា

ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងគោលការណ៍ណែនាំថ្មីនៃការព្យាបាលជំងឺទឹកនោមផ្អែមដល់គ្រូពេទ្យកម្ពុជា។ ព្រមជាមួយគ្នានោះដែរ ក៏មានការបង្ហាញផលិតផលឱសថទឹកនោមផ្អែមគ្រាប់ប្រភេទថ្មីដែលល្អប្រសើរជាងឱសថទឹកនោមផ្អែមប្រភេទគ្រាប់ផ្សេងៗទៀតក្នុងការធ្វើឱ្យស្ថានភាពសុខភាពអ្នកជំងឺទឹកនោមផ្អែមប្រសើរឡើង។

សាស្ត្រាចារ្យមហាបរិញ្ញា កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជាបានធ្វើជាអធិបតីនៃព្រឹត្តិការណ៍នេះ។ ហើយក៏មានការចូលរួមពីវាគ្មិន និងអ្នកសម្របសម្រួលល្បីៗ ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង តម្រងនោម និងទឹកនោមផ្អែម មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជាកូរ៉េ ដើម្បីធ្វើបទបង្ហាញលើប្រធានបទរួម “ភាពរីកចម្រើនក្នុងការព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃ និងជំងឺបេះដូងលើអ្នកជំងឺទឹកនោមផ្អែមក្នុងឆ្នាំ 2022”។​

យោងតាមប្រសាសន៍របស់ សាស្ត្រាចារ្យមហាបរិញ្ញា កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា ​បានគូសបញ្ជាក់ថា៖ “ ការរៀបចំជាការជួបជុំវិទ្យាសាស្រ្ត រវាងអ្នកជំនាញទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា ជាមួយគ្រូពេទ្យគ្រប់ជំនាញទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ឬដោយប្រយោលតាមរយ: អនឡាញ ក្តីនេះជាការជួបជុំពិសេស។ ដោយសារតែដើមឆ្នាំ 2022 នេះយើងឃើញថាមានការផ្សព្វផ្សាយរបកគំហើញថ្មីៗ យើងឃើញថាមានការព្យាបាលឲ្យកាន់តែប្រសើរឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម ទាក់ទងនឹងផលប៉ះពាល់ផ្សេងៗ ហើយការរកឃើញថ្មីសម្រាប់ការព្យាបាលនោះ សង្កត់ធ្ងន់លើផ្នែកជំងឺបេះដូង ហេតុនេះទើបមានការអញ្ជើញចូលរួមពីអ្នកជំនាញខាងឯកទេសបេះដូងមកបង្ហាញ និងការរកឃើញថ្មីៗទៅលើការថែទាំនូវតម្រងនោមលើអ្នកជំងឺទឹកនោមផ្អែម ដូច្នេះហើយទើបយើងមានគ្រូពេទ្យខាងតម្រងនោមចូលរួមផងដែរ។ មួយវិញទៀតគឺការរកឃើញថ្នាំដែលមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម យើងធ្វើការចូលរួម ដឹងឮតាមរយ:ការផ្សព្វផ្សាយវិទ្យាសាស្រ្តក្នុងពេលថ្មីៗនេះ។ ថ្ងៃនេះយើងមានវាគ្មិនរហូតទៅដល់ 3នាក់ ខាងជំនាញបេះដូង ខាងជំនាញតម្រងនោម និងខាងជំនាញទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយនូវចំណេះដឹងថ្មីៗនេះជូនដល់ក្រុមការងារយើង និងក្រុមគ្រូពេទ្យទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។” បន្ថែមពីនេះលោកសាស្ត្រាចារ្យក៏បានសង្កត់ធ្ងន់ថា៖​ “ទោះបីជាមានវិបតិ្តជំងឺកូវីដ 19 ក៏ដោយក៏គ្រូពេទ្យជំនាញខាងទឹកនោមផ្អែមមិននៅស្ងៀមទេ ក្រុមគ្រូពេទ្យតែងតែមានការប្រជុំ ធ្វើសិក្ខាសាលា  webinar តាមរយ: អនឡាញ នេះដើម្បីផ្តល់ជូនចំណេះដឹងដល់អ្នកជំងឺទឹកនោមផ្អែមថែទាំខ្លួនអំឡុងពេលកូវីដ។ បើទោះជាកូវីដក៏ដោយក៏តួនាទីគ្រូពេទ្យទឹកនោមផ្អែមនៅតែមានសារ:សំខាន់ដោយសារតែជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃ ជាជំងឺត្រូវព្យាបាលអស់មួយជីវិតដែលទាមទារការផ្តល់យោបល់ តាមដានត្រួតពិនិត្យជាប់លាប់ ទោះជានៅពីចំងាយក៏ដោយក៏មានប្រសិទ្ធភាពខ្ពស់ ការពារអាយុជីវិតបងប្អូនដែលមានជំងឺទឹកនោមផ្អែមផងដែរ។”

ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ទូច ឃុន វេជ្ជបណ្ឌិតឯកទេសខាងក្រពេញ ដែលជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជាកូរ៉េ បានឲ្យដឹងថា៖ “ទាក់ទងទៅនឹងការវិវឌ្ឍន៍នៃឱសថសម្រាប់ធ្វើការព្យាបាលជំងឺទឹកនោមផ្អែម យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានឱសថច្រើនក្រុមដែលមានតាំងពីឱសថជំនាន់មុន និងជំនាន់ក្រោយក៏ប៉ុន្តែប្រសិទ្ធភាពនៃការបញ្ចុះជាតិស្ករគឺមានដូចគ្នា គ្រាន់តែពីមុនការព្យាបាលជំងឺទឹកនោមផ្អែម យើងផ្តោតទៅលើតែការបញ្ចុះជាតិស្ករ និងធ្វើយ៉ាងណាឲ្យអ្នកជំងឺមានអាយុនៅរស់រានមានជីវិតបានយូរ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តបានកាន់តែរកឃើញ និងវិវត្តន៍រកឃើញនៃឱសថ ដែលអាចមានប្រសិទ្ធភាពបញ្ចុះជាតិស្ករផង ហើយនឹងមានប្រសិទ្ធភាពមានផលប្រយោជន៍អាចជួយការពារទៅលើតម្រងនោម និងបេះដូងជាដើម។ ពីព្រោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2 ដូចលោក លោកស្រីបានដឹងហើយថា បញ្ហាប្រឈមអត្រាស្លាប់ខ្ពស់ដោយសារជំងឺសរសៃឈាមបេះដូង និងតម្រងនោម។ ហេតុនេះហើយទើបបានជាឱសថក្រោយៗនេះគេផ្តោតទៅលើគុណសម្បត្តិដែលមានប្រសិទ្ធភាព ជួយការពារ និងជួយបន្ថយហានិភ័យនៃកាវិវត្តន៍ទៅរកផលវិបាកនៃជំងឺបេះដូង និងតម្រងនោម។ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្ននេះ ឱសថទាំងប្រភេទថ្នាំគ្រាប់ ថ្នាំចាក់សម្រាប់ព្យាបាលអ្នកជំងឺទឹកនោមផ្អែម គឺមានដូចនៅតាមបណ្តាប្រទេសផ្សេងៗដែរ។”

លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប ឯកទេសផ្នែកបេះដូងមកពីមន្ទីរពេទ្យកាល់ម៉ែតក៏បានមានប្រសាសន៍ផងដែរថា៖ “ជាទូទៅដំណាក់កាលដំបូង យើងអាចនឹងអត់ដឹងថាមានផលប៉ះពាល់ដល់បេះដូង​ សឹងតែគេអាចនិយាយបានថា 50% នៃអ្នកជំងឺដែលមានបញ្ហាលើសជាតិស្ករ ឬទឹកនោមផ្អែម គាត់បានកើតមានរួចទៅហើយនូវរោគសញ្ញាខ្សោយបេះដូង ប៉ុន្តែមិនបានស្តែងចេញជាចំណុចធំដុំ។ ចំណុចនេះហើយដែលធ្វើឲ្យយើងមើលរំលងទៅលើការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលផងដែរ។ ក្រៅពីនេះក៏មានផលប៉ះពាល់ទៅលើសាច់បេះដូង បេះដូងឡើងក្រាស់ ដែលបន្ទាប់ពីក្រាស់វាទៅជារីក។ ក្រៅពីប៉ះពាល់ទៅដល់បេះដូងវាក៏អាចប៉ះពាល់ទៅដល់សរសៃរឈាមបេះដូងផងដែរ។ ហើយការប៉ះពាល់សរសៃរឈាមបេះដូងក៏បែងចែកជាពីរផងដែរ វាអាចឲ្យយើងមើលដឹងថាមានត្បៀតសរសៃឈាមបេះដូង និងមួយទម្រង់ទៀតវាប៉ះសរសៃតូចៗ ដែលចាក់ចូលសាច់បេះដូង ដែលធ្វើឲ្យយើងមិនបានធ្វើរោគវិច្ឆ័យឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ ដើម្បីគ្រប់គ្រងបញ្ហានេះយើងត្រូវគ្រប់គ្រងជាតិស្ករមុនគេ កាលណាយើងគ្រប់គ្រងជាតិស្ករបាន និងយើងក៏អាចការពារកត្តាបង្កគ្រោះថ្នាក់ផ្សេងទៀតបានដែរ។ មានន័យថា ជាទូទៅអ្នកដែលមានបញ្ហាជាតិស្ករ និងបេះដូងមិនមែនមានកត្តាតែមួយនោះទេ គាត់អាចមានលើសជាតិខ្លាញ់ លើសសម្ពាធឈាម ធាត់ ការហូបចុកមិនត្រឹមត្រូវ និងបែបបទរស់នៅមិនសមរម្យ។ ដើម្បីបង្ការផលវិបាកជំងឺបេះដូង អ្នកជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងកត្តាទាំងអស់ដែលបានរៀបរាប់។”

ចំណែកលោកវេជ្ជបណ្ឌិត នីវ រត្នវីរ: ឯកទេសផ្នែកតម្រងនោមមកពីមន្ទីរពេទ្យកាល់ម៉ែតក៏បានលើកឡើងថា៖ “ប្រហែលជា 30% នៃអ្នកជំងឺទឹកនោមផ្អែម គាត់អាចនឹងមានបញ្ហាជំងឺ​​​​តម្រងនោមក្នុងកម្រិតណាមួយនោះ។ មានអ្នកជំងឺមួយចំនួនអាចនឹងមានការវិវត្តន៍ទៅជាខូចតម្រងនោម ដែលទាមទារឲ្យមានការលាងឈាមជាប្រចាំ។  ដើម្បីគ្រប់គ្រងបញ្ហានេះ គាត់ត្រូវគ្រប់គ្រងជាតិស្ករ ជាតិខ្លាញ់ លើសសម្ពាធឈាមជាដើម ហើយក៏ត្រូវយកចិត្តទុកដាក់តាំងពីដំណាក់កាលដំបូងនៃការដែលយើង​ដឹងថាខ្លួន​យើងមានជំងឺតម្រងនោម។ ចំពោះការព្យាបាលត្រូវតែមានជំនាញត្រឹមត្រូវ ការប្រើឱសថត្រឹមត្រូវ តំាងពីដំណាក់កាល​ដំបូង កុំចាំដល់ពេល​យើង​មានបញ្ហាខូចខាតធ្ងន់ធ្ងរ។”

គួររំលឹកផងដែរថាជំងឺទឹកនោមផ្អែមគឺជាជំងឺមេតាបូលីសដែលបង្កឱ្យមានការលើសជាតិស្ករក្នុងឈាម ដោយសារវិបត្តិក្នុងការបញ្ចេញអ័ម៉ូនអាំងស៊ុយលីន និង/ឬការឆ្លើយតបទៅនឹងអាំងស៊ុយលីន នៅក្នុងជាលិកាគោលដៅ។​ ចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឱ្យកត់សម្គាល់នៅលើសកលលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកកើតជំងឺទឹកនោមផ្អែមដែលមានបញ្ហាតម្រងនោម ឬបេះដូងមកជាមួយ។​ ក្រុមហ៊ុន ឌីខេអេសអេច (DKSH) និងឡាបូ Boehringer Ingelhem (BI) សង្ឃឹមយ៉ាងមុតមាំថាព្រឹត្តិការណ៍ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបែបនេះនឹងអាចជួយជ្រោមជ្រែងដល់ការធ្វើបច្ចុប្បន្នភាពនៃជំងឺទឹកនោមផ្អែមជូនដល់ក្រុមគ្រូពេទ្យក្នុងប្រទេសកម្ពុជាដើម្បីបន្ដពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់អ្នកជំងឺ៕