ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយតំណាងធនាគារវីង (ខេមបូឌា) ម.ក
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់ឥណទានរបស់ធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ កម្មវិធីនេះរៀបចំធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រីបង្ហាញក្តីសោមនស្សរីករាយដែលអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារវីង (ខេមបូឌា) ម.ក បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ៧ទៅ៨ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយទៀតក្នុងការជួយដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានលឿនទៅមុខមួយកម្រិតទៀត ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារវីង ជំនួសប្រជាកសិករ សហគមន៍ និងសហគ្រាសតូច ធំ មួយចំនួនទៀត ដែលធ្វើការលើកកម្ពស់លើវិស័យកសិកម្ម ដែលនឹងទទួលបានទំហំកម្ចីពីធនាគារវីងប្រមាណជា៥លានដុល្លារ ក្នុងអត្រាការប្រាក់ទាប។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីឱ្យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារផ្សេងៗ អាចគិតគូរពិចារណាដើរតាមគំរូរបស់ធនាគារវីង (ខេមបូឌា) ម.ក ក្នុងការជួយជ្រោមជ្រែងដល់កសិករ និងសហគមន៍កសិកម្ម។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្ដិទី៧ ដើម្បីជម្រុញ និងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា ព្រមទាំងជីវភាពរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀត។
ករណីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីគ្រូហិរិញ្ញវត្ថុនានា គិតគូរពិចារណា ក្នុងការផ្ដល់ឥណទានដែលមានការអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់ប្រជាកសិករ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ៕