ស្ថានភាពបទល្មើសបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន!

បទល្មើសបច្ចេកវិទ្យានៅតែជាកង្វល់សម្រាប់បុគ្គល និងបណ្តាស្ថាប័ន នានានៅជុំវិញពិភពលោក។ តាមរយ:របាយការណ៍កាសែត Cybercrime Magazine បង្ហាញថាបទល្មើសបច្ចេកវិទ្យាបានបំផ្លាញសេដ្ឋកិច្ចសាកលប្រមាណ ២,៣លានដុល្លាអាមេរិក (រយ:ពេលក្នុង១នាទី) និងប៉ាន់ស្មានថានឹងធ្វើឲ្យមានការខូចខាតរហូតដល់ ៦ពាន់ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២១។

 
ស្ថានភាពបទល្មើសបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន!

តាមរយ:របាយការណ៍របស់នគរបាលអន្តរជាតិ (InterPol) ប្រចាំឆ្នាំ២០២០ បង្ហាញថាសហគមន៍អាស៊ាន រួមមានព្រះរាជាណាចក្រកម្ពុជា កំពុងទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់សេវាសាធារណ:ផ្សេងៗ ។ ក្នុងរបាយការណ៍ខាងលើក៏បានបង្ហាញអំពីប្រភេទបទល្មើសបច្ចេកវិទ្យាធំៗ ចំនួន០៦ ដែលកំពុងកើតមានឡើងក្នុងប្រទេសជាសមាជិកសហគមន៍អាស៊ាន មានដូចជា៖

1. ការចម្លងមេរោគធ្វើឲ្យម៉ាស៊ីនរងគ្រោះក្លាយជា BOTNET ប្រើប្រាស់ក្នុងបទល្មើសផ្សេងៗ

2. ការបញ្ឆោតលួចយកព័ត៌មាន ដោយប្រើប្រាស់បច្ចេកទេស Phishing និងធ្វើការជ្រៀតចូលគណនីអ៊ីនធឺណេតខុសច្បាប់

3. ការវាយប្រហារអ៊ីម៉ែលអាជីវកម្ម (Business E-Mail Compromise) និងប្រើប្រាស់សម្រាប់សកម្មភាពបន្លំលួចប្រាក់

4. មេរោគធនាគារ (Banking Malware / Trojan) ធ្វើការលួចព័ត៌មានហិរញ្ញវត្ថុ និងលួចប្រាក់ជនរងគ្រោះ

5. មេរោគជម្រិតទារប្រាក់ (Ransomware) ធ្វើការចាក់សោរឯកសារ និងជម្រិតទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងការទទួលបានឯកសារដើម ត្រឡប់មកវិញ

6. មេរោគ CryptoJacking ចម្លងចូលម៉ាស៊ីនកុំព្យូទ័រជនរងគ្រោះ និងប្រើប្រាស់កម្មវិធី Browser ឬម៉ាស៊ីនជនរងគ្រោះដើម្បីរកប្រាក់ចំណូលលើរូបីយបណ្ណឌីជីថល (cryptomining)

ជាការឆ្លើយតប និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាក្នុងសហគមន៍អាស៊ាន នគរបាលអន្តរជាតិ (InterPol) បានផ្តួចផ្តើមនូវយន្តការ ចំនួន០៤ ដូចខាងក្រោម៖

1. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព

2. បង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

3. កសាងសមត្ថភាពមន្ត្រីជំនាញលើកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

4. បង្កើនកិច្ចការងារបញ្ជ្រាបចំណេះដឹងលើសន្តិសុខព័ត៌មាន និងបទល្មើសបច្ចេកវិទ្យា

#Cybercrime #ASEAN #ITDepartment #MoI

 

 

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ