វិធី៥យ៉ាងដើម្បីចងចិត្តអតិថិជនរបស់អ្នកក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ១៩
ការនៅដាច់ដោយឡែកពីសង្គមខាងក្រៅស្របពេលនៃការរីករាលដាលជំងឺកូវីដ១៩ គឺជារឿងល្អសម្រាប់សុខភាពសាធារណៈ ប៉ុន្តែវាជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យលទ្ធផលនៃការរកស៊ីជួញដូរមួយចំនួនធំមានប្រឈមការធ្លាក់ចុះ។
ការធ្វើដំណើរចេញពីផ្ទះក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដែលធ្វើឲ្យភ្ញៀវ ឬអតិថិជនជាច្រើននាំគ្នាសម្ងំក្នុងទ្រនំសុខសាន្ត របស់ពួកគេតាំងពីការផ្ទុះឡើងជាសកលនៃវីរុសកូរ៉ូណា។ នោះគឺជាមូលហេតុដែលធ្វើឲ្យអ្នក ធ្វើជំនួញមួយចំនួនធំមានការព្រួយបារម្ភ ដេកមិនលក់ បក់មិនល្ហើយ។ ទាំងនេះ គឺជាគន្លឹះសំខាន់ខ្លះៗសម្រាប់ចងចិត្តអតិថិជនរបស់អ្នកពីចម្ងាយ។
ទំនាក់ទំនងជាមួយអតិថិជនដោយភាពសកម្ម
អតិថិជនអាចនឹងយល់ពីស្ថានការណ៍កំពុងតែតានតឹង បើសិនជាអ្នកព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយ
ពួកគេដោយភាពត្រឹមត្រូវ។ ត្រូវប្រាកដថា បរិស្ថានកន្លែងធ្វើការរបស់អ្នកមានសុវត្ថិភាព និង ផាសុខភាព ហើយមិនថាអាជីវកម្មរបស់អ្នកបន្តបើកទ្វារស្វាគមន៍អតិថិជនជាធម្មតា ឬក៏បិទទ្វារ មួយរយៈនោះទេ អ្នកគួរតែជូនដំណឹងដល់អតិថិជនរបស់អ្នកតាមរយៈទំព័របណ្តាញសង្គម អ៊ីម៉ែល ឬវេបសាយរបស់លោកអ្នកជាចាំបាច់ផងដែរ។
បង្កើនការផ្សព្វផ្សាយពីការផ្តល់ជូននានា
កាតបញ្ចុះតម្លៃទំនិញ ឬ GIFT CARD ពិតមានសារៈសំខាន់សម្រាប់ទាំងអ្នកលក់ និងអ្នកទិញផងដែរ។ កាតទំនិញអាចមានទំហំទឹកប្រាក់ដែលអាចឲ្យអតិថិជនត្រឡប់មករកសេវាកម្ម ឬផលិតផលរបស់អ្នកនៅថ្ងៃខាងមុខ។ ការផ្តល់ជូនសេវាកម្មកាតទំនិញ ឬ E-gift Card Program ពិតជាជួយកាត់បន្ថយហានិភ័យនៃការទាក់ទងដោយផ្ទាល់ ថែមទាំងអាចឲ្យដៃគូដឹកជញ្ជូនទទួលយកកាតទំនិញរបស់អតិថិជននៅកន្លែងធ្វើការរបស់អ្នកផងដែរ។
ផ្សាយផ្ទាល់វីដេអូ ឬជជែកក្នុងវីដេអូអំពីសេវាកម្មរបស់អ្នក
ផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកទៅកាន់អតិថិជនដែលស្នាក់នៅតាមគេហដ្ឋានតាមរយៈឌីជីថល ឬដោយប្រើប្រាស់កម្មវិធីឥតគិតថ្លៃដូចជា Google Hangouts, Skype ឬ Zoom ដើម្បីផ្តល់សេវាកម្មដល់ពួកគេពីចម្ងាយ។
ការលក់ដូរតាមរយៈប្រព័ន្ធអនឡាញ
ជាក់ស្តែង អតិថិជនជាច្រើនដែលកំពុងស្នាក់នៅតាមគេហដ្ឋានរបស់ពួកគេតែងពុះកញ្ជ្រោលចង់ទទួល បានកម្មវិធីកម្សាន្តនានា។ ដូច្នេះហើយទើបបានជាការផ្សាយផ្ទាល់តាមហ្វេសប៊ុក និងអ៊ីនស្តាក្រាម (Instagram) គឺជាជម្រើសដ៏សំខាន់។
ប្រើប្រាស់ការបញ្ចុះតម្លៃឲ្យទៅជាផលចំណេញ
សព្វថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការទាក់ទាញអតិថិជនឲ្យទិញទំនិញជាមួយនឹងការបញ្ចុះតម្លៃរយៈពេលវែង។ ផ្តល់ជូនកាតសមាជិករយៈពេលមួយឆ្នាំដល់អតិថិជនដោយអត្រាតម្លៃធូរថ្លៃសមរម្យ ក៏ដូចជាការបញ្ចុះតម្លៃឲ្យអតិថិជនដែលជាវទំនិញតាមអនឡាញផងដែរ។ ទាំងនេះជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញ ឬរឹតបន្តឹងចំណងចិត្តរបស់អតិថិជនឲ្យបន្តគាំទ្រមុខជំនួញអាជីវកម្ម ឬសេវាកម្មរបស់អស់លោកអ្នកសម្រាប់បច្ចុប្បន្ន និងថ្ងៃអនាគត៕
ប្រភព៖ AmCham Cambodia ប្រែសម្រួល៖ ភារិទ្ធ