ក្រសួងទេសចរណ៍បន្តសហការជាមួយសាលាប៉ូលឌុយប៊្រូល ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបន្តកិច្ចសហការជាមួយសាលាប៉ូលឌុយប៊្រូល និងអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជា ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលផ្ដល់ឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបាន៩០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ និងសាលាជាដៃគូ ក្នុងនោះមានលោកស្រី Eleonore Mueth-Dubrule អនុប្រធានក្រុមប្រឹក្សាភិបាលសាលា និងជាអនុប្រធានគណៈកម្មការយុទ្ធសាស្រ្តអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា លោក Fabrice Tessier នាយករដ្ឋបាលអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា និងលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល។
កិច្ចពិភាក្សាគ្នានេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
លោកស្រី Eleonore Mueth-Dubrule បានលើកឡើងថា ស្របពេលដែលកម្ពុជាបើកទទួលទេសចរឡើងវិញ ក៏ដូចជាការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមឡើងវិញនៅទូទាំងប្រទេសនោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជាស្នើសុំក្រសួងទេសចរណ៍បន្តកិច្ចសហប្រតិបត្តិការបន្តទៅមុខទៀតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌជាតិ។
ឆ្លើយតបនឹងសំណើនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀតក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីធ្វើយ៉ាងណាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញឱ្យបានល្អប្រសើរប្រកបដោយគុណភាព។
ឯកឧត្ដមបានស្នើឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលតាមរយៈផែនការមេនេះ កម្ពុជាមានចក្ខុវិស័យថា នៅឆ្នាំ២០៣០ ខេត្តសៀមរាបនឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន៩០ម៉ឺននាក់ ដូច្នេះដើម្បីសម្រេចតាមផែនការនេះគឺត្រូវមានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យអ្នកដែលបញ្ចប់ការបណ្ដុះបណ្ដាលហើយចេញទៅធ្វើការមានគុណភាព មានជំនាញត្រឹមត្រូវ។
ប្រតិភូអង្គការ និងដៃគូខាងលើបានលើកឡើងអំពីកម្មវិធីចំនួន២ ដែលលើសពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលកម្មវិធីទី១ គឺសិល្បៈសូន្យរូប ខណៈលោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនេះគឺជាការបង្កើននូវភាពទាក់ទាញ និងបង្កើនការចងចាំរបស់ទេសចរនៅកម្ពុជា ចំណែកកម្មវិធីទី២ គឺកម្មវិធីសន្ទានិស្សិតដ្ឋាន កម្មវិធីមួយដែលសាលាប៉ូលឌុយប៊្រូលបានទទួលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗនៅតំបន់អឺរ៉ុបដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារបរិស្ថាន អេកូទេសចរណ៍ និងការងារសិល្បៈ ហើយសាលាប៉ូលឌុយប៊្រូលនឹងក្លាយជាសាលាទី១នៅកម្ពុជាដែលនឹងចូលរួមអនុវត្តតាមស្ដង់ដាបណ្ដុះបណ្ដាលទាំងនោះ។
សូមជម្រាបថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ជាសាលាដៃគូមួយដ៏សំខាន់ចម្បងរបស់ក្រសួងទេសចរណ៍ ដែលទទួលអនុវត្តនូវស្ដង់ដាកម្មវិធីរបស់អាស៊ានដែលបច្ចុប្បន្នមាន៣២ជំនាញ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកដែលទទួលការបណ្ដុះបណ្ដាលពីសាលានេះ អាចធ្វើចល័តភាពការងារនៅក្នុងតំបន់អាស៊ានទៅតាមច្បាប់នៃប្រទេសទទួល ដូច្នេះសាលាប៉ូលឌុយប៊្រូលគឺជាដៃគូដ៏សំខាន់របស់អាស៊ានផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍
Join Telegram https://t.me/cngtvcambodia