ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរីមានជិត២ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងសិង្ហបុរី មានជិត ២ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសទី២ក្នុងចំណោមប្រទេសទាំង១០ផ្សេងទៀត ដែលកំពុងវិនិយោគនៅកម្ពុជា។

 
ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរីមានជិត២ពាន់លានដុល្លារអាមេរិក

នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមាន ព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានរីករាយនិងពេញចិត្តចំពោះទំហំពាណិជ្ជកម្មនេះ ។
សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ក្រៅពីវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទំនាក់ទំនងនៃប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបាន ពង្រឹងពង្រីកកាន់តែល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។សម្តេចក៏បានបង្ហាញការពេញចិត្តចំពោះ ការវិនិយោគនិងការមកទស្សកិច្ច របស់ប្រជាជនសិង្ហបុរីនៅកម្ពុជា ដែលមានការកើនឡើងជាលំដាប់ ហើយដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់ប្រទេសយើង ទាំងពីរ មានរហូតដល់ជិត២ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំនេះ ។


ឯកឧត្តម មៃខើល តាន់ កេង ស៊ីង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍ថា សិង្ហបុរីនឹងខិតខំ លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ បើទោះជាឯកឧត្តម ត្រូវបញ្ចប់បេសកម្មការងារនៅកម្ពុជាក៏ដោយ ក៏ឯកឧត្តមនឹងសន្យាជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរសិង្ហបុរីឱ្យមក កម្ពុជាកាន់តែច្រើន។
ជាចុងក្រោយនៃជំនួបនោះ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់ជំនួយតាមរយៈ កាកបាទក្រហមកម្ពុជា។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន នៃប្រទេសទាំងពីរ៕​

 

ប្រភព: ក្រសួងព័ត៏មាន