ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម អនុរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម Le Dinh Tho ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

 
ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពរួម ស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរដោយ សារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍អំពីការរីកចម្រើនឥតឈប់ឈរ ទាក់ទងនឹងវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន បើទោះបីកម្ពុជាជួបប្រទះនឹងវិបត្តិនៃការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម របស់ប្រជាជាតិទាំងពីរផងដែរ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន