ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការរងអាស៊ាន និងសហការី
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ (SEOM Chair for 2022) បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Satvinder Singh អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហការីនៃលេខាធិការដ្ឋានអាស៊ាន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានចូលរួមពិភាក្សា និងធ្វើបច្ចុប្បន្នភាពទិសដៅការងារក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច ក្នុងនោះផ្តោតសំខាន់លើកិច្ចការ និងកម្មវិធីការងារដែលកំពុងអនុវត្តនិងការងារបន្តធ្វើ។ លើសពីនេះទៅទៀត ឯកឧត្តមបានបញ្ជាក់លើសារៈសំខាន់លើការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន ក៏ដូចជាការពិចារណាលើបញ្ហាប្រឈមនានាដែលអាចកើតមាន សំដៅត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តនិងសម្រេចឱ្យបានជាអតិបរមា នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើម នានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង ៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន សំដៅធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ដើម្បីងើបចេញពីវិបត្តិកូវីដ-១៩ ជាមួយនឹងភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំពាក់ព័ន្ធលើលទ្ធផលនៃកិច្ចសហការនិងការគាំទ្រកន្លងមករបស់លេខាធិការដ្ឋានអាស៊ានសម្រាប់កម្ពុជាក្នុងភាពជាប្រធានអាស៊ានក្នងឆ្នាំ២០២២។ ក្នុងនោះផងដែរ ឯកឧត្តមបានរំលេចពីចំណុចសំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានទាក់ទងនឹងបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព, បច្ចុប្បន្នភាពនៃការធ្វើសាកលភាវូបនីយកម្មអាស៊ាន និងការធានានូវលំហូរទំនិញចាំបាច់ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩។
ក្នុងនោះផងដែរ អង្គប្រជុំបានធ្វើការផ្លាស់ប្តូរយោបល់លើការងារការត្រៀមរៀបចំដើម្បីដឹកនាំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា, សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានស្នើ ក្រោមសមត្ថកិច្ចសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២, ការធ្វើបច្ចុប្បន្នភាពនៃការពិនិត្យឡើងវិញជាទូទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន និងការធ្វើបច្ចុប្បន្នភាពនៃសំណើចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត។
នៅកិច្ចបញ្ចប់ឯកឧត្តមអគ្គនាយកបញ្ជាក់ថា កម្ពុជា និងក្រុមការងារលេខាធិការដ្ឋានអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត សំដៅអាចឈានសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំផ្សេងទៀតរបស់អាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព៕
Join Telegram https://t.me/cngtvcambodia
ប្រធានបទ៖ ក្រសួងពាណិជ្ជកម្ម