[វីដេអូ] Ep. 138 ប្រធានបទ៖ការវះកាត់កែសម្ភស្ស
ការវះកាត់កែសម្ភស្ស គឺជាការវះកាត់ទៅលើសេរីរាង្គ ដោយធ្វើការសា្ថបនា ឬកែកុនដោយផ្នែកៗនៃសេរីរាង្គក្នុងន័យទទួលបានសម្ភស្សដោយការចាក់បន្ថែម ឬការបន្ថយនៅសេរីរាង្គដើម្បីទទួលបានសម្ភស្សស្អាត។
មូលហេតុអ្វីខ្លះ បានជាត្រូវធ្វើការវះកាត់កែសម្ភស្ស?
តាមការសង្កេតជាក់ស្តែងនៅក្នុងតម្រូវរបស់មនុស្សម្នាក់ៗ សម្ភស្សចាំបាច់ណាស់សំរាប់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នា និងបង្កើនទំនុកចិត្តនៅពេលជួបមនុស្សនៅខាងក្រៅ។ មូលហេតុផ្សេងៗ ដែលមនុស្សមួយចំនួនគាត់ធ្វើការវះកាត់ដោយសារ មានបញ្ហាសម្ភស្សពីកំណើត ដោយសារការខ្វះអវៈជីវៈឬមានពិការភាពទៅលើអវៈជីវៈពីកំណើត ដូចជា ឆែបមាត់ ការធ្លាក់ត្របកភ្នែក មិនស្មើគ្នារវាងសេរីរាង្គផ្នែកខាងឆ្វេងនិងខាងស្តាំ ឬមានចំណុចណាមួយដែលគាត់គិតថាចង់កែតម្រូវឲ្យស្អាតជាងមុន។
តើសម្ភស្សបែងចែកជាប៉ុន្មាន?
ទាក់ទងនឹងការវះកាត់កែសម្ភស្សមិនបានបែងចែកនោះទេ ប៉ុន្តែបើនិយាយពីការកែសម្ភស្សបែងចែកជា ២ គឹការកែសម្ភស្សដោយមិនវះកាត់ និងដោយការវះកាត់។ ចំពោះការកែសម្ភស្សដោយមិនវះកាត់ គឺអាចធ្វើការចាក់ ធ្វើការលាប និងបាញ់កាំរស្មីឡាហ្ស៊ែ ។ ចំពោះការវះកាត់កែសម្ភស្សវិញគឺធ្វើទៅលើសេរីរាង្គដោយខុសគ្នាទៅលើបច្ចេកទេស និងតំបន់ដែលត្រូវធ្វើ មានការបែងចែកដូចជាការវះកាត់ទៅលើទម្រង់មុខ ទៅលើដងខ្លួន អាវៈជីវៈ ឬលើសក់ជាដើម។
តើនៅវ័យណា អាចធ្វើការវះកាត់កែសម្ភស្ស?
ចំពោះការវះកាត់កែសម្ភស្ស គឺអាចធ្វើបានល្អនៅវ័យចន្លោះពី ១៨-៤០ ឆ្នាំឬអាចលើសនឹង។កត្តាដែលគួរជៀសវាងការវះកាត់កែសម្ភស្សក្នុងករណី មានជំងឺរុំារ៉ៃប្រចាំកាយមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឹផ្សេងៗទៀត។
កត្តាប្រឈម
ចំពោះកត្តាប្រឈមក្រោយវះកាត់កែសម្ភស្ស គឺអាចប្រឈមការឆ្លងរោគ ការហូរឈាម ការហើម ឈឺចាប់ និងកត្តាផ្សេងៗទៀតតិចតួចដែលអាចកើតមានឡើង អាស្រ័យទៅលើទំហំនិងទីតាំងនៃការវះកាត់កែសម្ភស្ស។ ចំពោះកត្តាប្រឈមអាចនឹងគ្រោះថ្នាក់ដល់ជីវិតគឺសង្កេតឃើញថាមានភាគតិចនៅឡើយទេ មិនមានជាកត្តាធំអ្វីនោះទេ ប្រសិនបើអ្នកបានទៅជួបជាមួយគ្រូពេទ្យឯកទេសច្បាស់លាស់ដើម្បីជួបពិគ្រោះអំពីបញ្ហា និងស្វែងយល់ពីលទ្ធផលដែលត្រូវទទួលបានក្រោយការវះកាត់និងផលលំបាកផ្សេងៗ។
គួររម្លឹកថា ក្រោយការវះកាត់អ្នកជំងឺចាំបាច់បំផុតត្រូវរក្សាអនាម័យ និងគោរពតាមការណែនាំរបស់គ្រូពេទ្យ។ ការវះកាត់សំខាន់ណាស់គឺការថែរក្សាអនាម័យដើម្បីជៀសវាងការឆ្លងមេរោគនិងការប្រុងប្រយ័ត្នផ្សេងៗទៀតដែលអាចប្រឈមនឹងគ្រោះថ្នាក់៕
សូមទស្សនាវីដេអូខាងក្រោម៖