[វីដេអូ] Ep. 139 ប្រធានបទ៖ជំងឺរលាកក្រពះ
ជំងឺរលាកក្រពះ គឺជាការរលាកទៅលើស្រទាប់ភ្នាសស្តើងរបស់ក្រពះដែលមានបែងចែកជាពីរ គឺការរលាកស្រួចស្រាល់ និងការរលាករុំារ៉ៃ។
មូលហេតុ
មូលហេតុមួយចំនួនដែលធ្វើអោយមានការរលាកក្រពះ មានដូចជា ការរស់នៅឬរបបអាហារមិនមានអនាម័យ ញុំាអាហារមិនទៀងទាត់ ញុំាអាហារដែលមានជាតិខ្លាញ់ច្រើន អាហារឆៅ ចៀន បំពងមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង ជូរខ្លាំង ជក់បារី ញុំាស្រាច្រើន និងមូលហេតុផ្សេងទៀតអ្នកជំងឺប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ឬស្ត្រេសច្រើនគេងមិនបានគ្រប់គ្រាន់។
រោគសញ្ញា
រោគសញ្ញានៃការរលាកក្រពះមានដូចជា ក្អួតចង្អោរ ឈឺចាប់នៅចុងដង្ហើមលក្ខណៈក្រហាយផ្សា អាចរាលមកឆ្អឹងខ្នង ជួនកាលមានអាការៈរោយ ក និងពេលញុំាអាហារទៅមានអារម្មណ៍ថាឆាប់ឆ្អែត ហើមពោះ លើសពីនេះទៅទៀតក៏មានអាការៈស្តែងចេញជាការអស់កម្លាំងផងដែរ។
រោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យទាក់ទងទៅលើជំងឺរលាកក្រពះ គឺគ្រូពឹងផ្អែកលើការសាកសួរទៅលើប្រវត្តិជំងឺ ការពិនិត្យរាងកាយ ពេលខ្លះគ្រូពេទ្យស្នើសុំធ្វើការតេស្តចំនួនដើម្បីស្វែងអំពីមូលហេតុ ការវិវត្ត និងផលវិបាករបស់អ្នកជំងឺ។
ការព្យាបាល
ការព្យាបាលជំងឺរលាកក្រពះ ត្រូវព្យាបាលតាមមូលហេតុបង្កនីមួយៗ ។ ឧទាហរណ៍ ប្រសិនជាកើតឡើងដោយសាការជក់បារី គឺណែនាំ អ្នកជំងឺឲ្យឈប់ជក់បារី បើសិនគាត់ញុំាស្រាច្រើន គឺត្រូវអោយអ្នកជំងឺបញ្ឈប់ការញុំាស្រានិងផ្លាស់ប្តូរឥរិយាបទ។ចំណែកឯការរស់នៅ មួយចំនួនដូចជា មិនត្រូវញុំាឆ្អែតពេក ត្រូវញុំាអោយបានទៀងទាត់តាមពេលវេលា ញុំាអាហារណាដែលសម្បូរទៅដោយជាតិសរសៃឲ្យបានច្រើន ។
នៅពេលមានការសង្ស័យថាខ្លួនឯងមានជំងឺរលាកក្រពះ សូមទៅពិគ្រោះនិងពិនិត្យជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ ព្យាបាលទាន់ពេលវេលាជៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ពីព្រោះការដែលយើងព្យាបាលមិនបានត្រឹមត្រូវ នឹងធ្វើឲ្យខាតបង់ពេលវេលា ខាតថវិកាហើយក៏អាចធ្វើឲ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ៕
សូមទស្សនាវីដេអូខាងក្រោម៖