អ៊ីរ៉ង់បានបង្ហោះផ្កាយរណបយោធាក្នុងខណៈពេលមានភាពតានតឹងជាមួយនឹងអាមេរិក

ទីក្រុងតេហេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (Revolutionary Guard) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបង្ហោះ ផ្កាយរណបយោធាក្នុងពេលដែលកំពុងតែមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក ដោយចាបានត់ទុកថា វាជាភាពជោគជ័យមួយបន្ទាប់ពីការបរាជ័យជាច្រើនលើកច្រើនសារកាលពីប៉ុន្មានខែមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

 
អ៊ីរ៉ង់បានបង្ហោះផ្កាយរណបយោធាក្នុងខណៈពេលមានភាពតានតឹងជាមួយនឹងអាមេរិក
Photo Credit: AP

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានលើកឡើងក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ផ្កាយរណបបានហោះឆ្ពោះទៅកាន់គន្លងតារាវិថីដោយភាពជោគជ័យក្នុងចម្ងាយ ៤២៥ គីឡូម៉ែត្រខ្ពស់ផុតពីស្រទាប់ផែនដី។ កងយោធាអ៊ីរ៉ង់ក៏បានហៅវាថា ជាផ្កាយរណបដំបូងបំផុតដែលបានបង្ហោះដោយទីក្រុងតេហេរ៉ង់

ការបង្ហោះផ្កាយរណបយោធានេះធ្វើឡើងក្រោយពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោនបរាជ័យក្នុងការចរចារ និងដោយសារតែការស្លាប់របស់លោកឧត្តមសេនីយ៍របស់អ៊ីរ៉ង់លោក Qassem Soleimani នៅក្នុងខែមករា។

ចំណែកភាគីខាងសហរដ្ឋអាមេរិកក៏បានចោទប្រកាន់ទៅលើការបង្ហោះផ្កាយរណបយោធារបស់អ៊ីរ៉ង់ថាជាការប្រឆាំងនឹងសេចក្តីអំពាវនាវរបស់ខ្លួន ដែលហាមឃាត់មិនឲ្យមានសកម្មណាមួយទាក់ទងនឹងការផ្លោងអាវុធដែលមានសមត្ថភាពអាចប្រែក្លាយទៅជាសកម្មភាពអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ផងដែរថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក៏ដូចជា បណ្តាប្រទេសនៅអ៊ឺរ៉ុបកំពុងមានការ ព្រួយបារម្ភថា ការបង្ហោះផ្កាយរណបទាំងនេះអាចជួយឲ្យប្រទេសអ៊ីរ៉ង់អភិវឌ្ឍន៍ម៊ីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ AP,  ប្រែសម្រួល៖ ភារិទ្ធ