ធនាគារពិភពលោកត្រូវការ ១២ពាន់លានដុល្លារ ដើម្បីផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ដល់ប្រទេសក្រីក្រ

វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបាននិយាយនៅថ្ងៃអង្គារថា គេបានស្នើឲ្យក្រុមប្រឹក្សាភិបាលរបស់គេ អនុម័តកញ្ចប់ថវិកាចំនួន១២ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសក្រីក្រក្នុងការបញ្ជាទិញ និងចែកចាយវ៉ាក់សាំងកូវីដ១៩ដល់ពួកគេ។

 
ធនាគារពិភពលោកត្រូវការ ១២ពាន់លានដុល្លារ ដើម្បីផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ដល់ប្រទេសក្រីក្រ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP បានឲ្យដឹងទៀតថា ធនាគារបានអនុវត្តកម្មវិធីឆ្លើយតប បន្ទាន់ក្នុង ១១១ ប្រទេសរួចមកហើយ បើវាត្រូវបានអនុម័តនោះ ថវិកានឹងត្រូវបានសម្រាប់តែប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់ធនាគារពិភពលោកបាននិយាយថា វ៉ាក់សាំងដែលមានប្រសិទ្ធិភាព គឺជាផ្លូវដ៏សំខាន់ មួយរបស់ពិភពលោកឈានទៅរកការបើកដំណើរការដោយភាពប្រក្រតី និងល្អប្រសើរឡើងវិញ។
ម្យ៉ាងទៀត សេដ្ឋកិច្ចពិភពលោកនឹងមិនទាន់ងើបឡើងវិញពេញលេញនោះទេ លុះត្រាតែប្រជាជនអាចរស់នៅ ធ្វើការងារ ឬទំនាក់ទំនងក្នុងសង្គមបានដោយមានទំនុកចិត្ត។

គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារវីរុសកូវីដ១៩ មិនទាន់មានលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែអគ្គនាយកធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) បានប្រាប់កាសែតបារាំងថា វាពិតជាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងការចូលរួមដំណើរការចែកចាយវ៉ាក់សាំង ទោះបីជាវាមានភាពស្មុគស្មាញខ្លាំងក៏ដោយ៕

ប្រភព៖ AFP, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ