ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត !
សៀមរាប៖កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលច្រកទ្វារចូលខាងកើត នៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ បន្ទាប់រងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។
លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថា ការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញមើលឃើញថា ច្រកចូលខាងកើត នៃប្រាសាទអង្គរវត្ត បានរងការខូចខាតតិចតួចដោយផ្នែកខ្លះៗ ដូចជា ច្រកឡើង នៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម។ តែបើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរបាត់រូបរាង។
លោកស្រី ភិន វិជ្ជាសច្ចរ៉ា បន្តទៀតថា កិច្ចការដំបូង នៃការជួសជុលនេះដែរ គឺក្រុមការងារជំនាញបានធ្វើការសិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានជ្រុះធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងធ្វើការសម្អាតថ្មទាំងនោះឱ្យស្អាត បន្ទាប់មកក្រុមការងារបន្តកិច្ចការមួយទៀត គឺយកថ្មទាំងនោះទៅផ្គុំនៅកន្លែងដើមឡើងវិញ៕
សូមចុច join Telegram https://t.me/cngtvcambodia
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ប្រភព៖ ក្រសួងព័ត៌មាន