ទីក្រុងបេកាំបង្ខំចិត្តបិទកន្លែងហាត់ប្រាណជាថ្មីម្តងទៀត ដោយសារភ័យខ្លាចរលកថ្មីនៃការឆ្លងរាតត្បាតវីរុសកូវីដ១៩

ទីក្រុងប៉េកាំង៖ កន្លែងហាត់ប្រាណនានានៅទីក្រុងប៉េកាំងប្រទេសចិនត្រូវបានបង្ខំឲ្យបិទដំណើរការជាថ្មីម្តងទៀតកាលពីចុងសប្តាហ៍ ដែលនេះជាសម្ពាធជាថ្មីទៅលើវិស័យនៃសេវាកម្មហាត់ប្រាណដែលគេមើលឃើញថាអាជីវកម្មប្រភេទនេះបានដួលរំលំរាប់ពាន់កន្លែងមកហើយទូទាំងប្រទេស។ នេះបើតាមសារព័ត៌មាន CNBC កាលពីយប់ម្សិលមិញនេះ។

 
ទីក្រុងបេកាំបង្ខំចិត្តបិទកន្លែងហាត់ប្រាណជាថ្មីម្តងទៀត ដោយសារភ័យខ្លាចរលកថ្មីនៃការឆ្លងរាតត្បាតវីរុសកូវីដ១៩
Photo Credit: GETTY IMAGES

វីរុសកូវីដ១៩ បានកើតឡើងនៅទីក្រុងវូហានប្រទេសចិនកាលពីចុងឆ្នាំមុន ហើយបានរីករាលដាលទូទាំងប្រទេស និងបានថមថយទៅវិញកាលពីខែមីនាកន្លងទៅនេះ។​ ការថមថយនៃការឆ្លងនេះបានជំរុញឲ្យអាជីវកម្មសេវាកម្មហាត់ប្រាណដែលត្រូវបានបិទទ្វាកាលពីចុងខែមករា អាចបើកដំណើរការឡើងវិញនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យ៉ាងណាក៏ដោយ ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងទីក្រុងប៉េកាំងកាលពីសប្តាហ៍មុននេះបានបង្ករឲ្យមានក្តីបារម្ភអំពីរលកនៃរីករាយដាលខ្លាំងជាងនេះ។

សូមបញ្ជាក់ផងដែរថា តាមរយៈទិន្នន័យថ្នាក់ជាតិបានបង្ហាញថាឧស្សាហកម្មសម្បទា ឬសេវាកម្មហាត់ប្រាណរបស់ចិនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណា ដែលធ្វើឱ្យអាជីវកម្មចំនួន ៦,៩៦៩ នៅក្នុងវិស័យនេះត្រូវបានដួលរលំ ឬផ្អាកប្រតិបត្តិការក្នុងរយៈពេល ៣ ខែដំបូងដើមឆ្នាំនេះ ពោលគឺច្រើនជាង ៤,៦៣២ នៅក្នុងឆ្នាំ ២០១៥។

យោងតាមរបាយការណ៍ពី Qichacha បានឲ្យដឹងថា មានក្រុមហ៊ុនបម្រើការលើសេវាកម្មហាត់ប្រាណចំនួន ៩៥៥,០០០ កំពុងប្រតិបត្តិការនៅទូទាំងប្រទេសចិនគិតត្រឹមថ្ងៃទី១៧ ខែមេសានេះ៕

ប្រភព៖ CNBC ប្រែសម្រួល៖ ជា​ បញ្ញា