មីស៊ីលអុីរ៉ង់បាញ់ចំអគារស្នាក់នៅក្នុងទីក្រុង Haifa ប្រទេសអុីស្រាអែលបណ្តាលឱ្យមនុស្ស ៤ នាក់បាត់ខ្លួនក្រោមគំនរបាក់បែក
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមជួយសង្គ្រោះនៅក្នុងទីក្រុង Haifa ប្រទេសអុីស្រាអែល កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីមីស៊ីលបាលីស្ទិករបស់អុីរ៉ង់មួយគ្រាប់ បានបាញ់ចំអគារស្នាក់នៅកម្ពស់ ៥ ជាន់យ៉ាងពេញទំហឹង។
យោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារសង្គ្រោះបន្ទាន់ MDA បានឱ្យដឹងថា៖
មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមមានមនុស្សចាស់ ២ នាក់ និងកុមារម្នាក់ ត្រូវបានគេជឿថាជាប់គាំងនៅក្រោមគំនរបាក់បែក។ ចំណែកមនុស្ស ១១ នាក់ទៀតបានរងរបួស ដែលក្នុងនោះមានបុរសវ័យ ៨២ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទារកអាយុ ១០ ខែម្នាក់ផងដែរ។
ចំពោះក្បាលគ្រាប់មីស៊ីលដែលមានទម្ងន់ដល់ទៅ ៤៥០ គីឡូក្រាម បានធ្វើឱ្យអគារទាំងមូលប្រឈមនឹងការបាក់ស្រុត ខណៈដែលកងកម្លាំងការពារស៊ីវិលកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ដើម្បីរុករក។
សូមជម្រាប ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងក្លាបំផុតពីសំណាក់អ៊ីរ៉ង់ និងក្រុមហេសបូឡាហ៍ (Hezbollah) ទៅលើទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Haifa ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ទោះបីជាមានប្រព័ន្ធការពារអាកាសក៏ដោយ ក៏មីស៊ីលខ្លះបានទម្លុះរនាំងការពារ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ស៊ីវិល។
ស្របពេលជាមួយគ្នានេះ ភាពតានតឹងបានកើនឡើងដល់កំពូល ខណៈដែលសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី ៦ ដែលបង្កឱ្យមានការបាត់បង់ជីវិតមនុស្សជាង ១,៣០០ នាក់ហើយ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕


ប្រភព៖Al Jazeera English


















