កិច្ចប្រជុំ ស្ដីពី "លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២"
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ស្ដីពី "លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២" ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋានជំនាញ គណៈគ្រប់គ្រង និងគ្រូបង្រៀនមុខវិជ្ជាឯកទេសនៃវិទ្យាល័យនេះ។
វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ និងអាចទាញយកផលប្រយោជន៍សម្រាប់ពេលអនាគត ដោយបន្តនិរន្តរភាពបច្ចេកវិទ្យា។
សូមរម្លឹកថា ក្រោមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបានប្រកាសអនុវត្តវិស្សមកាលតូចមុនពេលកំណត់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា