ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់មន្រ្ដីរាជការក្រសួងព័ត៌មាន នាំក្រុមគ្រួសារធ្វើប័ណ្ណ ប.ស.ស
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តមន្រ្ដីរាជការក្រសួងព័ត៌មាន ក្រុមគ្រួសារ ដូចជា ប្រពន្ធឬប្ដី កូន ក្នុងបន្ទុកទៅធ្វើប័ណ្ណបសសឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំជំងឺ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន ដែលអាចជួយសម្រាលបន្ទុកចំណាយបានច្រើន ជាពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាល ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពីបេឡាជាតិសន្តិសុខសង្គមទៀតផង។
ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពក្នុងកិច្ចគាំពារ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនដល់សមាជិកកាន់តែល្អប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពង្រីកវិសាលភាពកិច្ចគាំពារជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ និងសូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកគ្រូអ្នកគ្រូពេទ្យ ដែលបានផ្ដល់សេវាបានយ៉ាងល្អជូនប្រជាពលរដ្ឋ។
លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៅទីស្នាក់ការកណ្ដាលសហព័ន្ធសហជីពកម្ពុជា-អាស៊ាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា ការដែលមានបណ្ណ ប.ស.ស គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកបានបញ្ជក់ថា មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលកំពុងបម្រើការងារ សូមនាំ ភរិយានិងកូនក្នុងបន្ទុកទៅចូលចុះឈ្មោះធ្វើបណ្ណបសស ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នាព្រោះមិនមានជាការបង់ប្រាក់ទេ ព្រោះ វាជាបន្ទុករបស់រាជរដ្ឋាភិបាល ហើយថែមទាំងទទួលបានសេវាថែទាំដោយយកចិត្តទុកដាក់ផងដែរ៕