អាល្លឺម៉ង់ផ្តល់ថវិកាចំនួន ១.៥ លានអឺរ៉ូ ដើម្បីគាំទ្រផែនការឆ្លើយតបបន្ទាន់របស់កម្ពុជាទៅនឹងកូវីដ១៩

ក្នុងពេលដែលចំនួនករណីកូវីដ១៩ក្នុងប្រទេសកម្ពុជាមានការកើនឡើង ប្រទេសអាល្លឺម៉ង់បានប្រកាសថានឹងផ្តល់ថវិកាចំនួន ១.៥ លានអឺរ៉ូ ដើម្បីគាំទ្រផែនការឆ្លើយតបបន្ទាន់ទៅនឹងកូវីដ១៩ របស់កម្ពុជា។

 
អាល្លឺម៉ង់ផ្តល់ថវិកាចំនួន ១.៥ លានអឺរ៉ូ ដើម្បីគាំទ្រផែនការឆ្លើយតបបន្ទាន់របស់កម្ពុជាទៅនឹងកូវីដ១៩
Photo Credit: © SPM Page

ភ្នំពេញក្នុងពេលដែលចំនួនករណីកូវីដ១៩ក្នុងប្រទេសកម្ពុជាមានការកើនឡើង ប្រទេសអាល្លឺម៉ង់បានប្រកាសថានឹងផ្តល់ថវិកាចំនួន ១.៥ លានអឺរ៉ូ ដើម្បីគាំទ្រផែនការឆ្លើយតបបន្ទាន់ទៅ​​​នឹងកូវីដ១៩ របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាថ្ងៃទី២៣ មីនា ២០២០នេះ។

ផែនការនេះមានគោលបំណងការពារ ទប់ស្កាត់ និងឆ្លើយតបចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃកូវីដ១៩នៅក្នុងប្រទេស។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) គឺជាមជ្ឈមណ្ឌលពិសោធន៍យោងតែមួយគត់សម្រាប់វីរុសកូរ៉ូណាថ្មីដែលមានឈ្មោះថា SARS CoV-2។​ ថវិកាបន្ថែមពីរដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានបម្រុងទុកសម្រាប់វិទ្យាស្ថានប៉ាស្ទ័រ។ វិទ្យាស្ថាននេះនឹងសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីធានាថាប្រទេសកម្ពុជាបានត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលខាងមុខសម្រាប់ការធ្វើតេស្តរកមេរោគ និងធ្វើរោគវិនិច្ឆ័យបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត Christian Berger មានប្រសាសន៍ថា "អាល្លឺម៉ង់គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពសកម្មនៅក្នុងវិស័យថែទាំសុខភាពចាប់តាំងពីឆ្នាំ ២០០៣​មកម្ល៉េះ។ ចំពោះយុទ្ធសាស្ដ្រទប់ទល់ដ៏ល្អ ក្នុងពេលនេះគឺជាពេលដែលចាំបាច់ដែលត្រូវមានសមត្ថភាពល្អក្នុងការធ្វើរោគវិនិច្ឆ័យ។ លុះត្រាតែអ្នកដឹងថានរណាម្នាក់បានឆ្លងវីរុស ទើបយើងអាចដាក់គាត់ឱ្យនៅដោយឡែក និងព្យាបាល​គាត់​បានត្រឹមត្រូវ។ នោះហើយជាមូលហេតុដែលយើងផ្តោតការគាំទ្ររបស់យើងលើចំណុចសំខាន់មួយនេះ។"

សូមរម្លឹកផងដែរថា ការផ្ទុះឡើងនៃវីរុសនេះបានកើតចេញពីទីក្រុងវូហានប្រទេសចិនក្នុងខែធ្នូ ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះវាបានរីករាលដាលជាង ១៩០ ប្រទេសហើយ ដោយក្នុងនោះមានករណីឆ្លងប្រមាណចំនួន ៣៤១,០០០ករណី នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី២៣ មីនា ២០២០នេះ។

ផែនការឆ្លើយតបបន្ទាន់ទៅនឹងកូវីដ១៩ ស្ថិតនៅក្រោមសមត្ថកិច្ចររបស់ក្រសួងសុខាភិបាល។ ការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជាប្រទេសអាល្លឺម៉ង់ត្រូវបានសម្របសម្រួលតាមរយៈអង្គការសុខភាពពិភព​លោក និងរួមបញ្ចូលការចូលរួមវិភាគទានពីធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕

 

 

ដោយ៖ ចាប មិថុនា