ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពាវនាវដល់រោងចក្រនានា ត្រូវត្រួតពិនិត្យលើខ្យល់ និងសីតុណ្ហភាព ក្នុងអំឡុងពេលកម្តៅកាន់តែឡើងខ្ពស់
នេះបើយោងតាមសេចក្តីណែនាំមួយដែលបានចេញពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤។
ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖
១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។
២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។
៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។
៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។
៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ប្រភពព័ត៌មាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ