ផែនការយុទ្ធសាស្រ្តនារីរតនៈ ក្នុងការលើកកម្ពស់ស្រ្តីលើគ្រប់វិស័យ
នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសណ្ឋាគារសាន់ អ៊ែនមូន រីវើសាយ(Sun & Moon Riverside Hotel) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានចូលរួមកម្មវិធីសម្ភោធជាផ្លូវការ ផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨។
ក្រសួងកិច្ចការនារី ជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តបញ្ជ្រាបយេនឌ័រ និងបង្កើតភាពក្លាហានដល់ស្រ្តីនៅកម្ពុជា។ តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីជាតិ និងតាមវិស័យ បានឆ្លើយតបទៅនឹងការលើកកម្ពស់សមត្ថភាពយេនឌ័រ តាមរយៈការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពរបស់ស្រ្តី ក្មេងស្រី និងក្រុមគ្រួសារ រួមទាំងការបង្កើនតំណាងស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំ និងអ្នករៀបចំគោលនយោបាយ ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ការពង្រឹងសហគ្រិនភាព ការអភិវឌ្ឍការងារសមរម្យជូនស្ដ្រី ការលើកកម្ពស់សុខភាព និងការអប់រំរបស់ស្រ្តី ព្រមទាំងក្មេងស្រី ក្នុងការទប់ស្កាត់នូវរាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងកុមារ ការពង្រឹងសមត្ថភាពធន់របស់ស្រ្តីទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ដ្រី និងគ្រួសារ ក្នុងគោលបំណងបង្កើតកម្លាំងរួម ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ និងការលើកកម្ពស់ការចូលរួមពីដៃគូ និងអ្នកពាក់ព័ន្ធ លើចក្ខុវិស័យ សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។
ប្រភពព័ត៌មាន៖ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល