វេទិកាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ លើកទី២
នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដែលមានការចូលរួមពីសំណាក់សាស្រ្តាចារ្យ វេជ្ជបណ្ឌិត លោកគ្រូ-អ្នកគ្រូពេទ្យ និងនិស្សិតជាច្រើនរូប ដែលបានរៀបចំដោយ HEA (Hepatitis Elimination Alliance for Cambodia)។
វេទិកាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ លើកទី២ គឺជាការបញ្ជ្រាបនូវចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរទូទៅ និងអ្នកជំនាញវិទ្យាសាស្រ្តសុខាភិបាល ដែលមានឯកទេសពាក់ព័ន្ធនឹងជំងឺថ្លើម ឬឯកទេសពាក់ព័ន្ធនានា ឱ្យពិភាក្សា ឈ្វេងយល់ និងស្វែងរកដំណោះស្រាយ ក្នុងការធ្វើនវានុវត្តន៍កាតព្វកិច្ចការងារផ្សេងៗ តាមរយៈការពិគ្រោះយោបល់ពីអ្នកឯកទេស និងសំណួរ ឬបញ្ហារបស់អ្នកជំងឺដែលមានរោគថ្លើម។ បន្ថែមលើសពីនេះ វេទិកាទាំងមូល និងវាគ្មិន ដែលជាអ្នកឯកទេស គឺផ្តោតសំខាន់ទៅលើ ការបណ្តុះនូវការយល់ដឹងស្តីអំពីជំងឺរលាកថ្លើម ឱ្យពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នានា ដូចជាការការពារ វិធីសាស្រ្តបង្ការ ការព្យាបាល និងជាពិសេស គឺលើកទឹកចិត្តឱ្យមានការធ្វើតេស្តលើជំងឺថ្លើម ទោះបីជាមានក្តី ឬស្ថិតនៅក្នុងដំណាក់កាលសង្ស័យណាមួយ។ ផ្សារភ្ជាប់ត្រង់ចំណុចនេះ ក៏គួរគប្បីជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានការណែនាំដែលត្រឹមត្រូវ ពីជំងឺរលាកថ្លើមប្រភេទបេ ដែលមិនអាចកំណត់សម្គាល់តាមរយៈរោគសញ្ញា ឬអាការៈនោះឡើយ និងដើម្បីបានព័ត៌មាន កាន់តែច្បាស់ មានតែការធ្វើតេស្តឈាម ហេតុដូច្នេះហើយ ការធ្វើតេស្តពិនិត្យសុខភាព ពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាពរបស់យើងគ្រប់ៗគ្នា។
ក្នុងនោះដែរ វេទិកាទាំងមូល មានការចែករំលែកបទពិសោធការងារពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ ដូចជា លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានដេប៉ាតេម៉ង់ HGE និង PROTOLOGY នៅមន្ទីរពេទ្យកាល់ម៉ែត ក៏បានចែករំលែកបទពិសោធការងារ និងឡើងធ្វើបទបង្ហាញអំពី៖ “ការពិនិត្យរកមេរោគរលាកថ្លើមបេ”។ ចំណែកលោកវេជ្ជបណ្ឌិត ជួន គឹមចេង វេជ្ជបណ្ឌិតប្រចាំការនៅមន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បានរៀបរាប់យ៉ាងហូរហែស្តីអំពី ភាពទូទៅនៃជំងឺថ្លើម និងបទបង្ហាញអំពី៖ “ការផ្តល់ប្រឹក្សា និងធ្វើតេស្តជំងឺរលាកថ្លើម”។ ចំណែកឯ លោកវេជ្ជបណ្ឌិត គឹម ចំរើនសាន្ត អតីតមន្ត្រីជំនាញ អង្គការគ្រូពេទ្យ គ្មានព្រំដែនប្រចាំនៅកម្ពុជា បានមកចែករំលែកបទពិសោធជាក់ស្តែងស្តីពី៖ “បំណកស្រាយសំណួរទូទៅ ដែលចោទសួរអំពី អតិថិជនក្នុងរង្វង់នៃការធ្វើតេស្តពិនិត្យរក មេរោគរលាកថ្លើមប្រភេទេបេ និងសេ”ផងដែរ។
បន្ថែមលើសពីនេះ ក៏មានការចែករំលែកបទពិសោធរបស់សមាជិកគ្រួសារអ្នកជំងឺរលាកថ្លើម ស្តីការថែទាំ និងគុណវិបត្តិនានានៃជំងឺថ្លើមដែលមិនបានពិនិត្យសុខភាព និងព្យាបាលទាន់ពេលវេលា ក្រោមប្រធានបទ៖ “អ្នកដែលមានសំណាង ជាអ្នកដែលមានសុខភាពល្អ” ពីសំណាក់បងស្រី ចាន់ វណ្ណនី និងលោកវេជ្ជបណ្ឌិត ជួន គឹមចេង។ ជាពិសេសបងស្រី ចាន់ វណ្ណនី ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប ធ្វើតេស្តពិនិត្យជំងឺរលាកថ្លើម និងកុំមានការបាក់ទឹកចិត្ត ឬរើសអើង ប្រសិនបើមានកើតជំងឺជំងឺរលាកថ្លើម ឬរស់នៅជាមួយអ្នកជំងឺរលាកថ្លើម
ជាកិច្ចបញ្ចប់នៃកម្មវិធី ក៏មានការចាប់រង្វាន់ជាការលើកទឹកចិត្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នៅក្នុងពេលឆាប់ៗនេះផងដែរ៕
អត្ថបទ និងរូបភាព៖ CNGTV Cambodia