រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងរៀបចំសង្ក្រាន្តឆ្នាំ២០២៤ និងការប្រណាំងរទេះសាឡីគោលឿន

ពិធីសង្រ្កាន្តនោះមានការកម្សាន្តដូចជា ល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី ជាពិសេសការប្រណាំងរទេះសាឡីគោលឿន។

 
រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងរៀបចំសង្ក្រាន្តឆ្នាំ២០២៤ និងការប្រណាំងរទេះសាឡីគោលឿន

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំ កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ការលេងកម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអុំទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។

ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនឹងរៀបចំពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។