អង្គការសុខភាពពិភពលោកព្រមានថា វិបត្តិកូវីដ១៩ នឹងបន្តអូសបន្លាយរយៈពេលយូរទៀត ខណៈ ដែលករណីស្លាប់នៅជុំវិញពិភពលោកកើនឡើងជាង ១៨០,០០០ នាក់ទៅហើយ

ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានព្រមានថាវិបត្តិកូវីដ១៩ អាចនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ ដោយមានប្រទេសជាច្រើនកំពុងស្ថិតត្រឹមដំណាក់កាលដំបូងនៃការប្រយុទ្ធប្រឆាំងជំងឺនេះនៅឡើយ ខណៈករណីស្លាប់ទូទាំងពិភពលោកកើនឡើងជាង ១៨០,០០០នាក់ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២៣ មេសា ២០២០។

 
អង្គការសុខភាពពិភពលោកព្រមានថា វិបត្តិកូវីដ១៩ នឹងបន្តអូសបន្លាយរយៈពេលយូរទៀត ខណៈ ដែលករណីស្លាប់នៅជុំវិញពិភពលោកកើនឡើងជាង ១៨០,០០០ នាក់ទៅហើយ
Photo credit: Gettyimages

ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណាមួយនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពអាសន្ននៃសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ករឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកទៀតផង ដោយមុខជំនួញជាច្រើនកំពុងជួបប្រទះបញ្ហា មនុស្សរាប់លាននាក់បាត់បង់ការងារធ្វើ ខណៈមនុស្សរាប់លាននាក់ទៀតកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន។

ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនូវវីរុសកូវីដ១៩ ដែលមានអ្នកឆ្លងជំងឺសរុបទាំងអស់ប្រមាណជាង ២លាន ៦សែននាក់ ជាពិសេសបណ្តាប្រទេសនានាក្នុងពិភពលោកកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ពួកគេ។

យ៉ាងណាមិញ ប្រទេសមួយចំនួន​ក៏បានបន្ធូរបន្ថយការរឹតបន្តឹងចំពោះការដាក់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដើម្បីឲ្យការប្រកបរបររកស៊ីដំណើរការតាមធម្មតាឡើងវិញ។

លោក Tedros Adhanom Ghebreyesus ប្រមុខដឹងនាំអង្គការសុខភាពពិភពលោកបានសម្តែងក្តីព្រួយបារម្ភ និងព្រមានក្នុងសន្និសិទសារព័ត៌មានថា កុំបង្កឲ្យមានកំហុសឆ្គងឲ្យសោះ ពួកយើងត្រូវប្រុងប្រយ័ត្នជានិច្ច ពីព្រោះការរាតត្បាតនៃវីរុសនេះនឹងបន្តអូសបន្លាយរយៈពេលយូរទៅមុខទៀត

 

ប្រភព៖ CNA ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ