ជប៉ុនចាប់ផ្តើមបញ្ចេញប្រេងបម្រុងរដ្ឋ ដើម្បីទប់ទល់នឹងវិបត្តិថាមពលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា
វិបត្តិសង្គ្រាមរវាងអុីរ៉ង់ អុីស្រាអែល និងសហរដ្ឋអាមេរិកកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ចង្វាក់ផ្គត់ផ្គង់ថាមពលពិភពលោកប្រទេសជប៉ុនបានសម្រេចចិត្តចាត់វិធានការជាបន្ទាន់ដោយចាប់ផ្តើមបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនហើយ។
រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួនបានចាប់ផ្តើមបញ្ចេញប្រេងបម្រុងជាតិជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោង ១០:៥៩ ព្រឹក នៅទីក្រុងតូក្យូ)។ វិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធនៃតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់ និងដើម្បីធានាឱ្យមានការផ្គត់ផ្គង់ប្រេងក្នុងស្រុកបានគ្រប់គ្រាន់ សម្រាប់ប្រទេសដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលមួយនេះ។
វិធានការនេះកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនប្រេងឆៅប្រហែល ១ ភាគ ៥ នៃពិភពលោក។ សម្រាប់ជប៉ុន ដែលនាំចូលប្រេងជាង ៩០% ពីតំបន់មជ្ឈិមបូព៌ា ការបិទច្រកសមុទ្រនេះបានធ្វើឱ្យនាវាដឹកប្រេងរបស់ជប៉ុនចំនួន ៤៥ គ្រឿង ត្រូវជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស (Persian Gulf) ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្ម។
រដ្ឋាភិបាលជប៉ុនបានគ្រោងបញ្ចេញប្រេងបម្រុងសម្រាប់ប្រើប្រាស់ក្នុងរយៈពេល ១ ខែ បន្ថែមលើការបញ្ចេញប្រេងបម្រុងរបស់វិស័យឯកជនសម្រាប់រយៈពេល ១៥ ថ្ងៃដែលបានធ្វើឡើងមុននេះ។ ទន្ទឹមនឹងនេះ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការអនុម័តឱ្យមានការបញ្ចេញប្រេងបម្រុងបន្ថែមទៀត ប្រសិនបើស្ថានភាពសង្គ្រាមនៅតែបន្តអូសបន្លាយ៕


ប្រភព៖ CNA


















