អាល្លឺម៉ង់បន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីអាមេរិកសម្រេចដកទ័ពចេញពីអាល្លឺម៉ង់ក៏ដោយ
យោងតាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃទី ៣ ខែឧសភា ម្សិលមិញនេះ លោក Friedrich Merz បានព្យាយាមបន្ទន់ឥទ្ធិពលនៃសេចក្តីសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Merz បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់គោរពនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោន ហើយថានេះគឺជាឱកាសមួយសម្រាប់ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ក្នុងការបង្កើនការទទួលខុសត្រូវលើវិស័យការពារជាតិដោយខ្លួនឯង។
ការដកទ័ពនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃគោលនយោបាយ "America First" របស់លោក ត្រាំ ដែលជំរុញឱ្យសម្ព័ន្ធមិត្តណាតូ (NATO) បង្កើនកញ្ចប់ថវិកាការពារជាតិ។ ទោះបីជាមានការរិះគន់ពីមជ្ឈដ្ឋានខ្លះថា នេះគឺជាការចុះខ្សោយនៃទំនាក់ទំនងរវាងអឺរ៉ុប និងអាមេរិក ប៉ុន្តែលោក Merz បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខស្នូលនៅតែរឹងមាំដដែល។
ជំហររបស់លោក Merz គឺជាយុទ្ធសាស្ត្រ "រក្សាសន្តិភាពការទូត" ដើម្បីជៀសវាងការប៉ះទង្គិចដោយផ្ទាល់ជាមួយលោក ត្រាំ ខណៈដែលអាល្លឺម៉ង់កំពុងព្យាយាមកែសម្រួលរចនាសម្ព័ន្ធយោធារបស់ខ្លួន។ ការដកទ័ពនេះ មិនត្រឹមតែប៉ះពាល់ដល់យុទ្ធសាស្ត្រការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងតំបន់នៃទីក្រុងមួយចំនួនរបស់អាល្លឺម៉ង់ ដែលធ្លាប់តែពឹងផ្អែកលើវត្តមានមូលដ្ឋានទ័ពអាមេរិកផងដែរ។
ទោះបីជាមានការផ្លាស់ប្តូរទ្រង់ទ្រាយធំក្នុងវិស័យយោធាក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងបង្ហាញពិភពលោកថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការឈានទៅរកយុគសម័យថ្មីនៃស្វ័យភាពការពារជាតិអឺរ៉ុប ដោយមិនបោះបង់ចោលមិត្តភាពជាមួយអាមេរិក៕
ប្រភព៖Aljazeera


















