នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចេញមុខថ្លែងការណ៍ចំពោះសង្គ្រាមនៅអុីរ៉ង់
ស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចរបត់ថ្មីមួយ ខណៈដែលមានការផ្ទុះអាវុធយ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសស៊ីរី និងការចេញមុខជំរុញឱ្យមានដំណោះស្រាយសន្តិភាពពិតប្រាកដពីសំណាក់មេដឹកនាំអាស៊ាន។
យោងតាមរបាយការណ៍ចុងក្រោយ កាលពីយប់មិញនេះ មានការផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់នៅតាមតំបន់ជនបទនៃខេត្ត Daraa ភាគខាងត្បូងប្រទេសស៊ីរី។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប្រព័ន្ធការពារអាកាសបានស្ទាក់កម្ទេចមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ដែលហោះកាត់ដែនអាកាសនៅតំបន់នោះ។ កម្ទេចកំទីអាវុធបានធ្លាក់ចុះនៅក្បែរទីក្រុង Inkhil និងភូមិ Deir al-Adas បង្កជាអគ្គិភ័យ និងការភ័យខ្លាចដល់ប្រជាពលរដ្ឋ ទោះបីជាមិនទាន់មានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតមនុស្សក៏ដោយ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានចេញមុខថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធម្សិលមិញនេះ លោកបានបញ្ជាក់ថា រាល់កិច្ចចរចាជាមួយអ៊ីរ៉ង់ត្រូវតែធ្វើឡើងក្នុងគោលបំណង “បញ្ចប់សង្គ្រាម” ជាស្ថាពររវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ជាជាងការប្រើប្រាស់កិច្ចចរចាដើម្បីគ្រាន់តែស្វែងរក “ប្រៀបយុទ្ធសាស្ត្រ” ឬការផ្អាកបាញ់បណ្តោះអាសន្ន។
លោក Anwar ក៏បានសង្កត់ធ្ងន់ និងទទួលស្គាល់នូវ “សិទ្ធិរបស់អ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន” ស្របតាមច្បាប់អន្តរជាតិ ជាពិសេសបន្ទាប់ពីការវាយប្រហារទៅលើរដ្ឋធានីតេហេរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជាពិសេសអ៊ីរ៉ង់ ប្រើប្រាស់ការអត់ធ្មត់ឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងសង្គ្រាមតំបន់ទ្រង់ទ្រាយធំ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកទាំងមូល៕



ប្រភព៖ Al Jazeera English


















