កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៤ តាមប្រព័ន្ធសន្និសីទវីដេអូ
តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៤ តាមប្រព័ន្ធសន្និសីទវីដេអូ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីសកម្មភាព និងលទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងបរិបទនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលក្នុងនោះរួមមាន បញ្ហាគ្រឿងញៀន ដោយកម្ពុជាមើលឃើញនូវគ្រោះថ្នាក់ និងមហន្តរាយសង្គមធ្ងន់ធ្ងរដែលបង្កឡើងដោយបញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការជាក់លាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រៀងរាល់៦ខែម្តង ដោយចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ យុទ្ធនាការនេះត្រូវបានចាត់តាំងអនុវត្តចំនួន ៥លើក ដោយបានរឹបអូសគ្រឿងញៀន គ្រប់ប្រភេទជាច្រើនតោន និងបានបញ្ជូនជនល្មើសទៅផ្តន្ទាទោសជាច្រើនរយនាក់។
សម្តេចបានស្នើដល់ប្រទេសក្នុងតំបន់ ជាពិសេស រដ្ឋសមាជិកនៅក្នុងអនុតំបន់ទន្លេមេគង្គ សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែសកម្មថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាជន។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានលើកឡើងផងដែរថា កម្ពុជាក៏សម្រេចបានសមិទ្ធផលលិខិតុបករណ៍ច្បាប់សំខាន់ៗមួយចំនួន រួមមាន ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ច្បាប់ទាំងនេះនឹងជួយឱ្យកម្ពុជាមានមូលដ្ឋានគតិយុត្តរឹងមាំទទួលស្គាល់ពីអន្តរជាតិ ក្នុងការជួយពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារឱ្យមានស្ថិរភាព ចូលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបញ្ជាក់កាន់តែច្បាស់ពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមការវិវឌ្ឍន៍នៃស្ថានភាពសង្គម និងការកំណត់របស់សហគមន៍អន្តរជាតិ ដើម្បីបំផ្លាញប្រភពធនធានហិរញ្ញវត្ថុដែលជាបង្អែកគាំទ្រឱ្យសកម្មភាពប្រព្រឹត្តបទល្មើសរបស់ឧក្រិដ្ឋជន ដែលបច្ចុប្បន្ននេះយើងកំពុងបន្តរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តន៍ពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
សម្តេចក្រឡាហោម បានមានប្រសាសន៍ដែរថា កម្ពុជាក៏កំពុងដំណើរការរៀបចំច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋាននៃអនុសញ្ញាអន្តរជាតិប៊ុយដាប៉េស ស្តីពីឧក្រិដ្ឋកម្មអ៊ិនធឺណិត ឆ្នាំ២០០១ និងក៏មានការចូលរួមផ្តល់ធាតុចូលពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗមួយចំនួន ដូចជាក្រុមហ៊ុន Facebook, Google, Amazon ជាដើម ។ កម្ពុជានឹងជំរុញឱ្យសេចក្តីព្រាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះបានអនុម័ត និងដាក់ឱ្យប្រើប្រាស់បានឆាប់ ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាពនៃលំហអឺនធឺណិត បញ្ចៀសបានហានិភ័យនានាពីការវាយប្រហារភេរវកម្មបច្ចេកវិទ្យា ព្រមទាំងដើម្បីការពារក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងរួមចំណែកធានាដល់ដំណើរការរៀបចំរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព៕
ប្រភព: ក្រសួងមហាផ្ទៃ