មនុស្សជាច្រើននាក់បានស្លាប់ និងកំពុងបាត់ខ្លួនក្នុងទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសជប៉ុន
ទីក្រុងតូក្យ៉ូ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនាថា មនុស្សប្រមាណ៣៤នាក់ត្រូវបានគេសង្ស័យថា បាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសជប៉ុន ដែលបង្កឲ្យមានជំនន់ និងការ រអិលបាក់ដី ដែលក្នុងនោះមាន១៤នាក់ នៅក្នុងមណ្ឌលថែទាំចាស់ជរា។
ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្ស១៤នាក់ដែលកំពុងបាត់ខ្លួនបន្ទាប់ពីទឹកជំនន់វាយប្រហារនៅតំបន់ Kumamoto ភាគនិរតីនៃកោះKyushu ដែលកំពុងតែបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង បោកបក់យានជំនិះ និងធ្វើឲ្យបាក់ស្ពានទៀតផង។
រដ្ឋាភិបាលបានបញ្ជាក់ថា មនុស្ស១៨នាក់បានស្លាប់ខណៈ១៦នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្រុមសង្រ្គោះបន្ទាន់បានជួយជីវិតមនុស្ស៥០នាក់ពីកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថា ប្រទេសជប៉ុនប្រឈមមុខនឹងគ្រោះទឹកជំនន់ស្ទើរតែគ្រប់ពេលក្នុងអំឡុងរដូវភ្លៀងធ្លាក់ ប៉ុន្តែការខិតខំប្រឹងប្រែងជួយសង្រ្គោះមានភាពស្មុគស្មាញដោយសារការរីករាលដាលនៃវីរុសកូវីដ១៩៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ