បណ្តារដ្ឋមន្រ្តីអាស៊ានជួបប្រជុំពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
AKP ភ្នំពេញថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ — កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៤ (AMMTC 14) ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ក្រោមអធិបតីភាពនៃក្រសួងសន្តិសុខសាធារណៈវៀតណាម (MPS) ។
នៅក្នុងសុន្ទរកថារបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc លោកបានកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាមេដឹកនាំនៃប្រទេសជាសមាជិកបានឯកភាពទៅលើវិធានការជាច្រើន និងការតម្រង់ទិសសំខាន់ៗសម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានដោយផ្តោតសំខាន់ទៅលើប្រជាជន ហើយជួយប្រជាជន និងក្រុមហ៊ុនអាជីវកម្មឱ្យបានឆាប់ដើម្បីជំនះផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងធ្វើឱ្យការរស់នៅរបស់ពួកគេមានស្ថេរភាព ធានាសណ្តាប់ធ្នាប់សង្គម និងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។
លោកបាននិយាយថា ជាពិសេសសហគមន៍នយោបាយ-សន្តិសុខ ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព និងរឹងមាំ ដែលអាចនាំមកនូវតួនាទីដ៏សំខាន់នៅក្នុងបញ្ហាសន្តិសុខក្នុងតំបន់។
លោកបាននិយាយថា ក្រៅពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសក្នុងតំបន់ក៏ត្រូវតែដោះស្រាយជាមួយ «សត្រូវដ៏គ្រោះថ្នាក់» មួយទៀត គឺជាឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងមានការកើនឡើង។ លោកបានចង្អុលបង្ហាញថា វិធានការណ៍ប្រឆាំងនឹងរោគរាតត្បាតបាននាំឱ្យមានភាពជាប់គាំងនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ព្រមទាំងការកើនឡើងនៃភាពអត់ការងារធ្វើ ដែលបង្កឱ្យមានឧក្រិដ្ឋកម្មកើតឡើង ជាពិសេសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត។
លោកនាយករដ្ឋមន្រ្តី Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំ AMMTC 14 គឺ«អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបក្នុងការបង្ការ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន» ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តខ្ពស់ និងដំណោះស្រាយរបស់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកក្នុងការទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់។
ដើម្បីកសាងអាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លោកបានស្នើឱ្យមានកត្តាអាទិភាពមួយចំនួន ដែលរួមមានការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងសេចក្តីប្រកាសហាណូយស្តីពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដោយយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងសហគមន៍នយោបាយ-សន្តិសុខនយោបាយឱ្យមានភាពរឹងមាំ៕
ប្រភព:ក្រសួងព័ត៌មាន