ទិវាជាតិ TVET! រដ្ឋមន្ត្រីការងារបន្តអំពាវនាវដល់យុវជនងាកមកទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ស្វែងរកការងារ និងបង្កើតមុខរបរដោយខ្លួនឯង

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន/យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

 
ទិវាជាតិ TVET! រដ្ឋមន្ត្រីការងារបន្តអំពាវនាវដល់យុវជនងាកមកទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ស្វែងរកការងារ និងបង្កើតមុខរបរដោយខ្លួនឯង

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «​TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង»។

ឯកឧត្តមបណ្ឌិតបានបន្តថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួច បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៣២៥។ ក្នុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន៨៩,៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្នកម្ពុជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុន ដោយធានាថាសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»។

ឯកឧត្តម អ៉ិត សំហេង ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឆ្នាំ២០១៧-២០២៥ ដោយផ្តោតលើគោលបំណង៖ ១-ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ២-បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣-លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង៤-លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីណែនាំឱ្យបន្តអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន៤៖ ១-ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា ២-ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣-ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤-ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២៣-២០៣៥។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នពាក់ព័ន្ធត្រៀមរៀបចំអនុវត្តផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ