ស្ត្រីកាណាដាម្នាក់ដែលផ្ញើសំបុត្រផ្ទុកជាតិពុលទៅលោកដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ

ញូយ៉ក៖ ស្ត្រីជនជាតិកាណាដាម្នាក់ត្រូវបានគេចោទប្រកាន់ជាផ្លូវការថា បានផ្ញើលិខិតដែលមានផ្ទុកសារធាតុពុលទៅប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ពីបទគម្រាមកំហែងអាយុជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

 
ស្ត្រីកាណាដាម្នាក់ដែលផ្ញើសំបុត្រផ្ទុកជាតិពុលទៅលោកដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ

លោកស្រី ប៉ាស្កាល់ ហ្វេរីយើ (Pascale Ferrier) អាយុ៥៣ឆ្នាំ មកពីទីក្រុងកេប៊ិច (Quebec) ប្រទេសកាណាដា បានបង្ហាញខ្លួនក្នុងតុលាការនៃទីក្រុងញូយ៉ក បន្ទាប់ពីការចាប់ខ្លួនរបស់នាងនៅឯច្រកព្រំដែន កាលពីចុងសប្តាហ៍មុន។

ស្ត្រីជាប់ចោទបានផ្ញើសំបុត្រមួយច្បាប់ ដែលមានផ្ទុកសារធាតុពុល រ៉ាយសិន (Ricin) ទៅសេតវិមាន កាលពីចុងសប្តាហ៍កន្លងទៅ ដែលសារធាតុពុលនោះជាតិពុលដ៏ខ្លាំងម្យ៉ាងដែលចម្រាញ់ពីគ្រាប់ពូជរុក្ខជាតិសណ្តែក។

គួរជម្រាបថា អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុពិតប្រាកដដែល លោកស្រី ប៉ាស្កាល់ ហ្វេរីយើ ផ្ញើសំបុត្រមានផ្ទុកសារធាតុពុលខាងលើទៅឲ្យលោក ដូណាល់ត្រាំ ហើយសវនាការលើសំណុំរឿងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ