ស៊ីជីនពីងអះអាងថា ចិនគ្មានបំណងបង្កសង្រ្គាមជាមួយប្រទេសណាមួយឡើយ
ញូយ៉ក៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូយ៉ក ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានថ្លែងថា ប្រទេសចិនមិនមានបំណងធ្វើសង្រ្គាមត្រជាក់ ឬសង្រ្គាមក្តៅណាមួយជាមួយប្រទេសដទៃទាល់តែសោះ។
បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានថ្លែងប្រាប់មហាសន្និបាតអង្គសហប្រជាជាតិថា ឲ្យចិនទទួលខុសត្រូវលើការរាតត្បាតវីរុសពាសពេញសកលលោក ប្រធានាធិបតីចិន ក៏បានអំពាវនាវឲ្យបណ្តាប្រទេសនៅលើពិភពលោករួបរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ថែមទាំងអះអាងថាយ៉ាងច្បាស់ថា ចិនមិនមានចេតនាបង្កសង្គ្រាមត្រជាក់ ឬសង្គ្រាមក្តៅជាមួយប្រទេសផ្សេងៗនោះទេ។
មិនតែប៉ុណ្ណោះ តំណាងជាន់ខ្ពស់របស់ចិនក្នុងអង្គការសហប្រជាជាតិក៏បានបដិសេធរាល់ការចោទប្រកាន់របស់លោកត្រាំមកលើប្រទេសចិនដោយឆ្លើយតបធ្ងន់ៗថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការកុហកដដែលៗរាប់ពាន់ដងមកហើយ។
សូមជម្រាបផងដែរថា ទំនាក់ទំនងរវាងប្រទេសមហាសេដ្ឋកិច្ចទាំងពីរកាន់តែធ្លាក់ចុះ ចាប់តាំងពីមានការផ្ទុះវីរុសជាសកល បញ្ហាសមុទ្រចិនខាងត្បូង ជម្លោះពាណិជ្ជកម្ម និងភាពតានតឹងនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាដើម៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ