សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រសួងទេសចរណ៍ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានកិត្តិយស ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បី៖ ១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។ ២. ជំរុញផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ៣.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)។ ៤. បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នារវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន