ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួមដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។
ការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង-សាមគ្គីភាពអន្តរជាតិ ការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការដោះស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន។
ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថានទូតអាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទៈក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះផងដែរ។
ប្រភពព័ត៌មាន៖ ក្រសួងព័ត៌មាន