រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា និងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុម ហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្មហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយថែរក្សាស្ថិរភាពតម្លៃអង្ករលើទីផ្សារក្នុងស្រុក តួយ៉ាងនៅក្នុងតំបន់បិទខ្ទប់ ក្នុងកាលៈទេសៈកូវីដ១៩ កន្លងមក ព្រមទាំងបានរួម ចំណែកក្នុងចលនាសម្រប សម្រួលដល់ការនាំចេញ ។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្មតែងយក ចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំស្វះ ស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ និងឆ្នាំ ២០២១ ក្រសួងបានរៀបចំឱ្យមានការសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីពីថ្លៃដើមពីការផលិតរហូតដល់ការនាំ ចេញអង្ករទៅទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជាដោយអូស្ត្រាលី (CAVAC) ដែលការសិក្សានេះ នឹងក្លាយជាមូលដ្ឋានចំាបាច់សម្រាប់រៀបចំយុទ្ធសា ស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង។
ម្យ៉ាងទៀត យោងតាមការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ក៏បានខិត ខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបាននូវការបន្តជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ០៥ឆ្នាំ បន្តទៀត ដល់ក្រុមហ៊ុននាំ ចេញអង្ករ និងរោងម៉ាស៊ីនកិន ស្រូវដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៧៧៩ សហវ.ប្រក ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិត ផលកែច្នៃមានប្រភពវត្ថុធាតុ ដើមពីអង្ករ បានប្រព្រឹត្តទៅយ៉ាងសកម្មតាមរយៈការបញ្ចូលមុខទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការ ចរចាទ្វេភាគីជាមួយប្រទេសនានា ជាពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារកំពុងទទួលកំណើនសម្រាប់ការនាំចេញអង្ករកម្ពុជា ពោលគឺគ្របដណ្តប់លើបរិមាណនាំ ចេញសរុប រហូតដល់ ៥០% ក្នុងឆ្នាំ២០២១ ហើយក្នុងឆ្នាំ ២០២២ នេះអាចនឹងបន្តកើន ឡើងថែមទៀត។ កំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាម រយៈការចុះអនុស្សរណៈយោគ យល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន ដែលឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិ បាលដែល សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អនុញ្ញាតឱ្យចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយចាប់អនុវត្តពីខែមករា ឆ្នាំ២០២២ នេះតទៅ។ អនុស្សរណៈយោគ យល់គ្នានេះ នឹងជួយបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាប្រព្រឹត្តទៅបានរលូន ដែលបច្ចុប្បន្ននេះ យើងបានសង្កេត ឃើញថា ការនាំចេញអង្ករទៅប្រទេសចិនក្នុងខែមករា ឆ្នាំ ២០២២នេះ គឺស្មើជាង ៥០% នៃការនាំចេញអង្ករសរុប។
ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្មមិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងប៉ុណ្ណោះទេ ក្រសួងក៏បានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្មរវាងកសិករខ្នាតតូចជាមួយរោង ម៉ាស៊ីនកិនស្រូវ ដែលបាននិងកំពុងអនុវត្តតាមរយៈគម្រោង AIMs និងទទួលបានការគាំ ទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិ បាល និង IFAD ផងដែរ ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន