ក្រសួងពាណិជ្ជកម្មកម្ពុជាសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីឆ្នាំ២០២២-២០២៣
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជាន់ខ្ពស់ដែលជាតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមភស្តុភារកម្មកម្ពុជា តំណាងសហព័ន្ធដំឡូងមីស្ងួតកម្ពុជា តំណាងក្រុមហ៊ុនកែច្នៃម្សៅដំឡូងមី និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាមួយ ឯកឧត្តមអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ឱ្យដឹងថា ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកនេះ មានចំនួនបី រួមមាន៖ ទី១-អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។
ទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។
ឯកឧត្តមអភិបាលខេត្តនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បញ្ជាក់ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានជាច្រើនលើកមកហើយ ដែលសកម្មភាពនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្វាងស៊ី។ តួយ៉ាង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី ឈានដល់ ១,០៥ ពាន់លានយន់ កើនឡើង ៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន ៧១ ដែលបានវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគតាមកិច្ចសន្យាសរុបចំនួន ៨៩ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងពាណិជ្ជកម្ម