កូរ៉េខាងត្បូង! ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១១៣ករណីបន្ថែមទៀតហើយ
សេអ៊ូល៖ បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ (KCDC) របស់ប្រទេសកូរ៉េ បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១១៣ករណីបន្ថែមទៀតហើយ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
សូមបញ្ជាក់ថា ករណីនាំចូលពីក្រៅប្រទេសគឺមានចំនួន ៨៦ករណី និងករណីក្នុងស្រុកមានចំនូន ២៧ករណីហើយនេះក៏ជាករណីឆ្លងថ្មីដែលមានចំនួនច្រើនបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែមីនាមកម្ល៉េះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសកូរ៉េខាងត្បូងមានចំនួន ១៤.០៩២ករណី។
គួរម្លឹកថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រម្សិលមិញបាននិយាយថា ករណីឆ្លងថ្មីនៅក្នុងចំណោមមនុស្សដែលមកពីក្រៅប្រទេសអាចជំរុញឱ្យមានករណីឆ្លងថ្មីកើនលើសពី ១០០នាក់ដែលនេះគឺជាលើកដំបូងហើយចាប់តាំងពីដើមខែមេសា។
គួររំលឹកផងដែរថា វីរុសកូវីដ-១៩ បានឆ្លងរីករាលដាលពាសពេញពិភពលោកហើយចំនួននៃការឆ្លងរបស់កូរ៉េខាងត្បូងត្រូវបានរកឃើញថា ៧០%ជាករណីនាំចូលពីបរទេស និងជាង ១៥%ជាករណីឆ្លងពីការនាំចូល។
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន