ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកនៃពហុកីឡាដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរដែន តំណាងក្រុមហ៊ុនសាងសង់ សមាជិក សមាជិកាសហព័ន្ធ កីឡាករ កីឡាការិនី និងក្រុមកាយរិទ្ធិជាច្រើនរូបផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ៣.០០០.០០០ដុល្លាអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះមានបំពាក់ម៉ាស៊ីនបូបនិងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀតលើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតិភូមិ។
សូមបញ្ជាក់ថា៖ ឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយ បិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ ហើយបើកឱ្យដំណើរការតាំងពីឆ្នាំ១៩៦៧។ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹកក្នុងពហុកីឡដ្ឋានជាតិត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពល)។ នៅឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារឡើងវិញនិងបានទទួលរៀបចំព្រឹត្តិការណ៍ជាច្រើន។ ដោយមើលឃើញពីការលំបាក ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វែងរកថវិកាពីសប្បុរសជន និងបានជួសជុល និងពង្រីកអាងហែលទឹកនេះឱ្យមានលក្ខណៈស្ដង់ដារអន្តរជាតិ៕
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន