ឯកឧត្តម ប៉េង ពោធិ៍នា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ជាអាទិភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃអាណត្តិទី៧

ការលើកកម្ពស់សេវាដឹកជញ្ជូន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លឿនឆាប់ រហ័ស ស្អាតស្អំ និងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ជាអាទិភាពរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៃអាណត្តិទី៧។

 
ឯកឧត្តម ប៉េង ពោធិ៍នា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ជាអាទិភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃអាណត្តិទី៧
ឯកឧត្តម ប៉េង ពោធិ៍នា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ជាអាទិភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃអាណត្តិទី៧
ឯកឧត្តម ប៉េង ពោធិ៍នា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ជាអាទិភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃអាណត្តិទី៧

នេះជាការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរសាធារណការខេត្តព្រះសីហនុ។

ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការដាក់ចេញនូវផែនការសកម្មភាពពីរគឺ៖ ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូនឱ្យ កាន់តែមានគុណភាព ប្រសិទ្ធភាព លឿន ឆាប់រហ័ស និងស្អាតស្អំ និង២.ការលើកកម្ពស់ការ តភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ដើម្បីឱ្យ អាទិភាពទីពីរនេះសម្រេចទៅបានយើងមានយន្តការចំនួន៤ ផ្សេងទៀតរួមមាន៖

១.ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និងការអភិវឌ្ឍធនធានមនុស្ស។

២.ប្រព្រឹត្តិកម្មធន ធានថវិកា ពង្រីងកាគ្រប់គ្រង និងប្រសិទ្ធភាពប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងថវិកាកម្មវិធី និងគម្រោងវិនិយោគសាធារណ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណរបស់ក្រសួងសាធារណការ។

៣.ពង្រឹងការងារនីតិកម្ម និងការកសាងបទដ្ឋានបច្ចេកទេស ជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញត្តិ ដើម្បីពង្រឹងភាពច្បាស់លាស់ ទិដ្ឋភាពច្បាប់ និងការងារបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

៤.ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប (ឌីជីថល) ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្ដល់សេវាសាធារណៈជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ -ពង្រឹងវិន័យការងារ តាមម៉ោងការងារ ការគោរពច្បាប់ បទបញ្ជា ចៀសវាងកាប៉ះពាល់ប្រសិទ្ធភាពការងារ និងតម្លៃរបស់អង្គភាព។

-ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ចេះរួមសុខរួមទុក្ខកសាងឱ្យបាននូវភាពសុខុដុមរមនាជួយគ្នាទៅវិញទៅមកទាំងស្មារតី សម្ភារ និងសេចក្តីត្រូវការក្នុងជីវភាពដោយឈរលើគោលការណ៍សមធម៌ និងតម្លាភាព។

-ត្រូវរៀនសូត្រពីការងារ និងសិក្សាឈ្វេងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើង អាចធ្វើការងារបានលឿនឆាប់រហ័ស។  ប្រធានមន្ទីរ ត្រូវគិតគូរចាត់ចែង មន្ត្រីឱ្យទទួល ការបណ្តុះបណ្តាល សិក្ខាសាលា ដើម្បីយកចំណេះ ជំនាញទាំងនោះ មកបន្ថែម ល្បឿនការងារ។

-ត្រូវផ្ដល់ការលើកសរសើរ លើកទឹកចិត្តដល់បុគ្គលិក មន្ត្រីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ ផល។

-ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្ត និងការ ណែនាំរបស់ថ្នាក់ដឹកនាំ។

-ត្រូវរិះរក ឬផ្លាស់ប្តូរវិធីតាមដានត្រួតពិនិត្យ ការកសាងជួសជុល និងថែទាំផ្លូវថ្នល់តាមរបៀបដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានានូវគុណភាពផ្លូវ។

-ត្រូវខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដី និងមន្ទីរជំនាញនានាជុំវិញខេត្ត និងខេត្តជិតខាង សំដៅបង្កើនការចូលរួមចំណែក ក្នុងការទទួលខុសត្រូវ គ្រប់គ្រង កសាង ស្តារ និងអភិវឌ្ឍលើវិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូនក្នុងខេត្តព្រះ សីហនុ ឱ្យមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាព។

 

ជំរុញការផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត តាមរយៈការកៀរគរផ្សេងៗដូចជា៖ ការចែកមួកសុវត្ថិភាព និងការចែកស្ទីកឃ័រ ចំណាំងផ្លាត ព្រមទាំងរៀបចំការដាក់ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ឬ Ramble Street តាមដងផ្លូវ ឬតាមតំបន់គ្រោះថ្នាក់ ឬជើងកបឱ្យបានត្រឹមត្រូវ។ ត្រូវខិតខំផ្តល់សេវា សាធារណៈឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលាចៀស វាងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” នោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកសម្ភារបម្រើឱ្យវិស័យសាធារណការជូនមន្ទីរមានដូចជា ផ្លាកសុវត្ថិភាពការដ្ឋាន មួកសុវត្ថិភាព ចំណាំងផ្លាត ស្ទីកឃ័រ និងថវិកាជូនមន្រ្តី នៃមន្ទីរសាធារណការ  និងដឹកជញ្ជូនផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយ​ ស៊ីម កែវ