គន្លឹះសន្តិសុខ ៦ យ៉ាងការពារព័ត៌មាននៅលើទូរស័ព្ទដៃ

នៅពេលអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុឫដំណើរការកម្មវិធីផ្សេងៗនៅលើទូរស័ព្ទដៃ ថេបប្លេត (Tablet) និងនាឡិកាឆ្លាតវៃ (Smart Watch) របស់អ្នក អ្នកអាចប្រហែលជាចំណាយពេលវេលាច្រើនជារៀងរាល់ថ្ងៃជាមួយទូរស័ព្ទដៃ ហើយអ្នកប្រហែលជាបានដឹងអំពីរបៀបប្រើប្រាស់កុំព្យូទ័រឱ្យមានសុវត្ថិភាព តែរបៀបការពារនៅលើទូរស័ព្ទអាចខុសពីគ្នា។ អ្នកគួរអនុវត្តតាមជំហានទាំង ៦ ខាងក្រោមនេះដើម្បីការពារទូរស័ព្ទដៃ និងព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព។

 
គន្លឹះសន្តិសុខ ៦ យ៉ាងការពារព័ត៌មាននៅលើទូរស័ព្ទដៃ

 

១. ប្រើប្រាស់លេខកូដសម្ងាត់

ទូរស័ព្ទរបស់អ្នកអាចត្រូវបានគេលួចជាពិសេសនៅទីសាធារណៈ ហើយព័ត៌មានក្នុងនោះក៏អាចត្រូវបានគេចូលមើលបានដែរ ហេតុនេះ សូមមានការយកប្រុងប្រយ័ត្នខ្ពស់ ហើយដើម្បីការពារព័ត៌មានរបស់អ្នកនៅក្នុងទូរស័ព្ទ អ្នកគួរប្រើប្រាស់លេខកូដសម្ងាត់ (passcode), លេខ PIN ឬ​ស្គេនក្រយៅម្រាមដៃ ការប្រើប្រាស់វិធីសាស្ត្រការពារនេះអាចការពារព័ត៌មានរបស់អ្នកបានបើទោះជាទូរស័ព្ទរបស់អ្នកបានបាត់ ឬត្រូវបានលួច។

២. ត្រួតពិនិត្យកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទរបស់អ្នក

កម្មវិធីនៅលើទូរស័ព្ទមានច្រើនប្រភេទណាស់ កម្មវិធីខ្លះអាចជួយឱ្យយើងកត់ចំណាំបញ្ជីឥវ៉ាន់ដែលត្រូវទិញ កម្មវិធីខ្លះអាចកក់ហៅតាក់ស៊ី និងខ្លះទៀតជាប្រភេទហ្គេមជាដើម ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺអ្នកគួរយល់ដឹងឱ្យបានច្បាស់អំពីសុវត្ថិភាព និងទិន្នន័យដែលកម្មវិធីទាំងនោះទាញយកពីក្នុងទូរស័ព្ទរបស់អ្នក។ សូមទាញយកកម្មវិធីពីប្រភពដែលគួរឱ្យទុកចិត្តបានប៉ុណ្ណោះ ហើយលុបកម្មវិធីណាដែលអ្នកលែងត្រូវការ ប្រសិនបើកម្មវិធីមើលទៅមានលក្ខណៈស្រពិចស្រពិលសូមអានមតិរបស់អ្នកប្រើប្រាស់ និងមើលគោលការណ៍ឯកជនភាព និងមុនពេលដំឡើងនៅលើទូរស័ព្ទរបស់អ្នក។

៣. សូមប្រយ័ត្នចំពោះWI-FI

WI-FI គឺអាចជាច្រកមួយដែលឧក្រិដ្ឋជនអ៊ីនធឺណែតអាចភ្ជាប់មកទូរស័ព្ទដៃរបស់អ្នកបាន ដើម្បីការពារសុវត្ថិភាពអ្នកគួរជៀសវាងការភ្ជាប់បណ្តាញ WI-FI នៅទីសាធារណៈ ឬ WI-FI មិនមានសុវត្ថិភាព (មិនមានពាក្យសម្ងាត់ដើម្បីភ្ជាប់ចូល) ក្នុងករណីអ្នកត្រូវប្រើ WI-FI នៅទីសាធារណៈជាចាំបាច់ អ្នកគួរពិនិត្យ និងភ្ជាប់បណ្តាញដែលអ្នកគិតថាអាចមានសុវត្ថិភាព ហើយមិនត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬចូលប្រើប្រាស់ទិន្នន័យសំខាន់ឡើយ។

៤. ថតចម្លងទិន្នន័យរបស់អ្នកទុកជានិច្ច

មិនថាអ្នកទូរស័ព្ទរបស់អ្នកត្រូវបានបាត់ ឬខូចនោះទេ វាជាការចាំបាច់បំផុតដែលអ្នកត្រូវមានការថតចម្លងទុកទិន្នន័យចេញពីទូរស័ព្ទរបស់អ្នក អ្នកអាចចម្លងទុកព័ត៌មានយកទៅផ្ទុកក្នុងកុំព្យូទ័រ ឬផ្ទុកនៅលើក្លោដ (cloud-based service) អាស្រ័យលើប្រភេទទូរស័ព្ទរបស់អ្នក ទូរស័ព្ទខ្លះអាចមានមុខងារដើម្បីបញ្ជាលុបទិន្នន័យ/ព័ត៌មានពីចម្ងាយពីក្នុងទូរស័ព្ទដៃរបស់អ្នក ហេតុនេះការថតចម្លងទុកព័ត៌មានជាការការពារដ៏ល្អប្រសើរមួយដើម្បីជួយរក្សាព័ត៌មានរបស់អ្នក។

៥. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ

ទូរស័ព្ទ ឬថេបប្លេតរបស់អ្នកគឺសុទ្ធតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដើម្បីដំណើរការ ហើយកម្មវិធីប្រព័ន្ធប្រតិបត្តិការនេះគឺ ទាមទារការធ្វើអាប់ដេតយ៉ាងទៀងទាត់ អ្នកគួរតាមដាន និងពិនិត្យមើលការធ្វើបច្ចុប្បន្នភាពកម្មវិធីជារឿយៗដើម្បីអាចទាញយក និងដំឡើងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ការធ្វើបច្ចុប្បន្នភាពទាំងនេះអាចដោះស្រាយគុណវិបត្តិនៃសុវត្ថិភាព ហើយធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល និងការពារព័ត៌មាននៅលើទូរស័ព្ទដៃរបស់អ្នក។

៦. ចាកចេញពីគណនីរបស់អ្នក (log out)

ការចូលប្រើប្រាស់គណនីបណ្តាញសង្គមដោយមិនចាំបាច់បញ្ចូលពាក្យសំងាត់ចូលសារឡើងវិញ (stay logged in) វាផ្តល់ភាពងាយស្រួល ប៉ុន្តែប្រសិនបើនរណាម្នាក់អាចប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកតែមួយភ្លែត គេអាចឃើញព័ត៌មានផ្សេងៗនៅក្នុងនោះដូចជារូបថតនិងការបង្ហោះចុងក្រោយ សារ (text message) ជាដើម ហើយពេលខ្លះគេអាចបន្លំខ្លួនជាអ្នកតែម្តង ដូចនេះដើម្បីការទូរស័ព្ទដៃ និងព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាពសូមធ្វើការចាកចេញពីគណនី (log out) នៅពេលឈប់ប្រើប្រាស់។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

 

 

ប្រភព: ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ