ក្រុមហ៊ុនជប៉ុនផលិតវីដេអូហ្គេមល្បីៗ បានរើរោងចក្រពីចិនមកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន MinebeaMitsumi Inc ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់ ប្រទេសជប៉ុន មានគម្រោងរើរោងចក្រផលិតវីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន ចូលមកវិនិយោគនៅកម្ពុជាវិញ ហើយដាក់ឈ្មោះ លើផលិតផលម៉ាស៊ីនវីដេអូហ្គេម ក្រោមស្លាក “ផលិតនៅប្រទេសកម្ពុជា”។
យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន NNA បានឱ្យដឹងថាចាប់ពីឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើម ប្រមូលផ្ដុំម៉ាស៊ីនវីដេអូឃ្លីបសម្រាប់នាំចេញ។
ប្រភពដដែលបន្តថា ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបចំពោះពន្ធរបស់សហរដ្ឋអាមេរិក លើផលិតផលដែលផលិតនៅក្នុងប្រទេសចិនជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។
ក្រុមហ៊ុនMinebeaMitsumiដែលផលិតម៉ាស៊ីនវីដេអូហ្គេម Nintendo Co នឹងបង្កើតរោងចក្រ ដំឡើងឧបករណ៍លេងហ្គេមរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាទីដែលក្រុមហ៊ុនបានកំពុងវិនិយោគផលិតអំពូលប្រភេទ LED។
ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃពុធសប្តាហ៍មុន លោក Yoshihisa Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi បានមានប្រសាសន៍ ថាក្រុមហ៊ុនបាន វិនិយោគទឹកប្រាក់ចំនួន ៣២៧ លានដុល្លារនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៨។
លោក Yoshihisa និយាយថា ក្រុមហ៊ុនរបស់លោកត្រូវ ទទួលបានភ្លើងខៀវក្នុងការវិនិយោគដើម្បី ផលិតឧបករណ៍លេងហ្គេមវីដេអូដែលនឹងដាក់ស្លាកថា“ ផលិតនៅកម្ពុជា” ។បន្ថែមពីនេះក្រុមហ៊ុននឹងចាប់ផ្តើមផលិតហ្គេមPSPនិងឧបករណ៍ហ្គេម Nintendo ក្រោមស្លាកផលិតនៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសាទរចំពោះផែនការរបស់ក្រុមហ៊ុននិងបានកត់សម្គាល់ថាស្លាកសញ្ញា “ផលិតនៅកម្ពុជា” នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។
សម្តេចក៍បានបន្ថែមទៀតថា “យើងមានមោទនភាពណាស់ដែលក្រុមហ៊ុន នឹងផលិតឧបករណ៍អេឡិចត្រូនិចមានឈ្មោះប្រទេសរបស់យើងហើយផលិតផលទាំងនេះនឹងត្រូវដឹកជញ្ជូនទៅទូទាំងពិភពលោក”។
MinebeaMitsumi បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកមួយនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១០ បានក្លាយជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដំបូងគេនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន MinebeaMitsumiបានដំឡើងអំពូលប្រភេទLEDតាមដងផ្លូវ ចំនួន ៧,០០០ អំពូល នៅភ្នំពេញ និងខេត្តសៀមរាប។ នេះបើយោងតាមលោក Yoshihisa។
លោក Yoshihisaបន្តថាក្រុមហ៊ុននេះបានផ្តល់ការងារដល់ពលករខ្មែរចំនួន ៧,០០០ នាក់ហើយក្រុមហ៊ុនគ្រោងនឹងជួលកម្មករយ៉ាងតិច ២ ម៉ឺននាក់នាពេលខាងមុខនេះ៕