វឌ្ឍនភាពការងាររៀបចំគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម ។សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង)។
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប ១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គ.ម (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។ សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង)។
មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។
បច្ចុប្បន្នក្រុមហ៊ុន បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។
ជាបច្ចេកទេសផ្លូវនេះដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥ម. សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។
គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT