សាលារាជធានីភ្នំពេញជូនដំណឹងឲ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មអនាធិបតេយ្យនៅតាមដងផ្លូវ
ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃច័ន្ទម្សិលមិញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយឲ្យបញ្ឈប់បន្ទាន់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបអនាធិបតេយ្យនៅតាមដងផ្លូវសាធារណ:។
គួរម្លឹកផងដែរថាសាលារាជធានីភ្នំពេញបានសង្កេតឃើញថា ទោះជាមានការណែនាំជាច្រើនដងក្ដី ក៏នៅតែមានអង្គភាព ស្ថាប័ន និងក្រុមហ៊ុននានា បន្តចងផ្ទាំងផ្សព្វផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណតាមដងផ្លូវ និងការដង្ហែក្បួនផ្សេងៗតាមរ៉ឺម៉ក ម៉ូតូ ការដាក់ឆ័ត្រនៅតាមដងផ្លូវសាធារណ:ចែកស៊ីមកាត ព្រមទាំងការប្រើប្រាស់ឧបករណ៍បំពងសម្លេងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។
ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងជាថ្មីម្តងទៀតឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ក្រៅពីនេះសាលារាជធានីបានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ក្នុងបញ្ហានេះ តាមរយៈការអប់រំ ឬការចុះកិច្ចសន្យាក្នុងការបញ្ឈប់ ហើយនៅក្នុងករណីមិនរាងចាល អង្គភាព ឬ ក្រុមហ៊ុននោះអាចនឹងប្រឈមទៅនឹងការផាកពិន័យទៅតាមស្ថានទម្ងន់ទោស ឬផ្អាកអាជីវកម្ម ក្នុងករណីធ្ងន់ធ្ងរអាចបញ្ជូនទៅតុលាការ៕
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ