រាជរដ្ឋាភិបាលកម្ពុជា ស្នើការយោគយល់ពីម្ចាស់អគារ ទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬ ការបណ្តេញចេញ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្តេញចេញអ្នកជួលដែលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល ទាន់ពេលវេលា ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្តេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា ។ រាជរដ្ឋាភិបាលក៏សូមលើកទឹកចិត្តដល់ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចាជាមួយនឹងភាគីអ្នកជួល លើការពន្យារពេលនៃការបង់ថ្លៃសេវាជួល និងការប្រែប្រួលថ្លៃសេវាជួល ជាយថាហេតុ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ ចូលរួមអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាស្តីពីលទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជាចុះថ្ងៃទី ២២ ខែ មីនាឆ្នាំ២០២១ ។
រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃ សេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញ កំណើនសេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនិងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ៕
ប្រភព: ក្រសួងព័ត៌មាន