ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូងនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូង ដែលប្រារព្ធរៀបចំនៅសណ្ឋាគារ Hyatt Regency ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន, ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកអគ្គរដ្ឋទូតរុស្ស៊ី ប៉ាគីស្ថាន ប៊្រុយណេ ហ្វីលីពីន, តំណាង UNESCO និងវិស័យឯកជន សរុបប្រមាណ ១៥ រូប តបតាមការអញ្ជើញរបស់ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

 
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូងនៅកម្ពុជា

ជាកិច្ចចាប់ផ្តើម លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្រ្តី និងតំណាងស្ថាប័ននានា ចំពោះវត្តមានចូលរួមប្រារព្ធទិវាកាហ្វេតួកគីនេះ ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាវតា និងអញ្ជើញទស្សនាអំពីរបៀប និងទំនៀមទំលាប់នៃការរៀបចំកាហ្វេ ជាមួយនឹងឱកាសទទួលទានកាហ្វេតួកគី។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។

សូមជម្រាបជូនថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសំបូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបបិយ៍ និងអរូបបិយ៍គួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី (និងអាស៊ែបៃហ្សង់) ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនាពេលថ្មីៗនេះ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម