សិង្ហបុរី និងឥណ្ឌូនេស៊ីអនុញ្ញាតឲ្យបើកអាជីវកម្មចាំបាច់ និងការធ្វើដំណើរផ្លូវការ
សិង្ហបុរី៖ ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ីបានឯកភាពគ្នាយល់ព្រមបើកដំណើរអាជីវកម្មចាំបាច់ នានា និងការធ្វើដំណើរជាផ្លូវការរវាងប្រទេសទាំងពីរ។
តាមការបញ្ជាក់របស់ក្រសួងការបរទេសសិង្ហបុរីនៅថ្ងៃច័ន្ទនេះ ការបើកដំណើរការអាជីវកម្មចាំបាច់នឹងធ្វើឡើងថ្ងៃទី២៦ ខែតុលា ខាងមុខ ហើយការធ្វើដំណើរផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដូចគ្នា។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីបានថ្លែងប្រាប់ក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា ប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងការចរចាដំណាក់កាលចុងក្រោយសម្រាប់ការបើកដំណើរនេះ។ ការព្រមព្រៀងមានរយៈពេលមិនដល់២ខែផង ចាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានប្រកាសពីគម្រោងទាំងនេះកាលពីចុងខែសីហាមកម៉្លេះ។
លើសពីនេះទៅទៀត ប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចប្រជុំនៅខែសីហាកន្លងទៅដែលស្តីពីសារៈ សំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទាំងសងខាងក្នុងការប្រឆាំងនឹងវីរុសរាតត្បាតជាសកលផងដែរ នេះរួមបញ្ជូលទាំងការចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរ ក៏ដូចជាការបើកជើងហោះហើរផ្លូវការ ខណៈពេលប្រទេសទាំងពីរកំពុងបន្តវិធានការការពារសុវត្ថិភាព និងសុខភាពសាធារណៈ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ