វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញាខាងមុខនេះ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បើពុំមានអ្វីប្រែប្រួលទៀតទេនោះ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងមកដល់កម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

 
វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញាខាងមុខនេះ

លោកជំទាវបានថ្លែងឱ្យដឹងដូច្នេះ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៩លាន គឺលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។

លោកជំទាវបានបញ្ជាក់បន្ថែមថា ៖ “រាល់វ៉ាក់សាំងដែលកម្ពុជាទទួលបានទាំងយន្តការទិញក្តី ជំនួយក្តី និងយន្តការកូវ៉ាក់ក្តី គឺគ.វ.ក១៩ បានធ្វើការបែងចែកទៅគ្រប់រាជធានី-ខេត្តស្ទើរតែអស់ទៅហើយ ដោយនៅសល់ក្នុងឃ្លាំងបន្តិចបន្តួចប៉ុណ្ណោះសម្រាប់រក្សាទុកនៅពេលមានរាជធានី-ខេត្តណាមានបញ្ហាពាក់ព័ន្ធនឹងវ៉ាក់សាំងដែលអាចកើតមានឡើងជាយថាហេតុ ដូចជាការបាក់បែក ឬខូចខាតជាដើម នោះគ.វ.ក១៩ នឹងបញ្ជូនវ៉ាក់សាំងបម្រុងនេះទៅជូន។ យើងមានវ៉ាក់សាំងច្រើនគួរសមដែរគិតត្រឹមពេលនេះ ហើយការមានវ៉ាក់សាំងនេះ គឺមិនអាចចៀសផុតពីការដឹកនាំដ៏ខ្ពង់ខ្ពស់ និងភាពឆ្លាតវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នោះទេ”។

សូមបញ្ជាក់ថា បើគិតទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលនឹងមកដល់ ២លានដូសនៅដើមខែកញ្ញាខាងមុខ កម្ពុជានឹងមានវ៉ាក់សាំងចំនួនជាង ២៧លានដូស ដោយឡែកគិតត្រឹមថ្ងៃនេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួនជាង ២៥លានដូសរួចមកហើយ ដោយក្នុងនោះ មានទាំងការបញ្ជាទិញ ជំនួយ ជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ ដោយវ៉ាក់សាំងស៊ីណូវ៉ាក់ មានចំនួន ១៤លាន៥សែនដូស វ៉ាក់សាំងស៊ីណូហ្វាម មានចំនួន ៧លាន៨សែនដូស វ៉ាក់សាំងកូវីសែល ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (Covax Facility) មានចំនួន ៣២៤ ០០០ដូស វ៉ាក់សាំង អាស្រ្តាហ្សេនេកា ដែលជាជំនួយរបស់ជប៉ុន មានចំនួន ១ ០០៧ ០០០ដូស វ៉ាក់សាំង Johnson and Johnson ដែលជាជំនួយ របស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ចំនួន ១ ០៦០ ១០០ដូស និងវ៉ាក់សាំង អាស្រ្តាហ្សេនេកា ចំនួន ៤២៥ ០០០ដូស តាមរយៈជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស៕

join Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងព័ត៌មាន