កូរ៉េខាងត្បូងថាមិនមានករណីឆ្លងកូវីដ១៩ថ្មីពីខាងក្នុងប្រទេសជាលើកដំបូង និងមានករណីនាំចូលតែ៤ករណីប៉ុណ្ណោះ

ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ចំនួន ៤ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដោយករណីទាំង៤នោះ សុទ្ធតែជាករណីនាំចូលពីក្រៅ។ នេះជាលើកទី១ហើយ ក្នុងរយៈពេល ៧៥ថ្ងៃ ដែលករណីឆ្លងក្នុងប្រទេសបានធ្លាក់ចុះរហូតដល់សូន្យករណី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

 
កូរ៉េខាងត្បូងថាមិនមានករណីឆ្លងកូវីដ១៩ថ្មីពីខាងក្នុងប្រទេសជាលើកដំបូង និងមានករណីនាំចូលតែ៤ករណីប៉ុណ្ណោះ
កូរ៉េខាងត្បូងថាមិនមានករណីឆ្លងកូវីដ១៩ថ្មីពីខាងក្នុងប្រទេសជាលើកដំបូង និងមានករណីនាំចូលតែ៤ករណីប៉ុណ្ណោះ
កូរ៉េខាងត្បូងថាមិនមានករណីឆ្លងកូវីដ១៩ថ្មីពីខាងក្នុងប្រទេសជាលើកដំបូង និងមានករណីនាំចូលតែ៤ករណីប៉ុណ្ណោះ

 

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ (KCDC) បានឲ្យដឹងថា តួលេខប្រចាំថ្ងៃមានកម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែមកនេះ។ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានហក់ឡើងដល់ចំណុចកំពូល ដែលមានអ្នកឆ្លងសរុប៩០៩នាក់ក្នុងពេលតែមួយថ្ងៃ។

ចំនួនអ្នកស្លាប់សរុបដោយសារមេរោគកូវីដ១៩នៅកូរ៉េខាងត្បូងបានកើនឡើងដល់ ២៤៧នាក់។ ជារួមមានន័យថាអត្រាអ្នកស្លាប់មានប្រមាណ ២,២៩%  ដោយឡែកអ្នកជំងឺដែលមានអាយុចាប់ពី ៨០ឆ្នាំឡើងទៅ អត្រាស្លាប់បានឈានដល់ ២៤,៣%។

សូមរម្លឹកផងដែរថា ក្នុងចំណោមប្រជាជនប្រមាណ ៥០លាននាក់ មានមនុស្សជាង ៦១ម៉ឺននាក់បានធ្វើតេស្តចាប់តាំងពីថ្ងៃទី៣ ខែមករា។ កូរ៉េខាងត្បូងបានរាយការណ៍ករណីដំបូងបំផុតកាលពីថ្ងៃទី ២៩ ខែមករា ដើមកន្លងទៅ។ គិតមកទល់ពេលនេះ ករណីឆ្លងសរុបក្នុងប្រទេសកើនឡើងជាង១ម៉ឺនករណី ដោយក្នុងនោះ ៩០% ជាជនជាតិកូរ៉េ។

កូរ៉េមានគម្រោងបន្ធូរបន្ថយវិធានការនៅដាច់ដោយឡែក ដោយអនុញ្ញាតឲ្យសាលារៀន និងកន្លែងធ្វើការភាគច្រើនអាចបើកដំណើរការឡើងវិញ ដោយមានការប្រុងប្រយ័ត្នជានិច្ច។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាលបាននិយាយថាពួកគេមានសុទិដ្ឋិនិយមថា អ្វីៗនឹងវិលត្រឡប់ទៅរកស្ថានភាពដើមវិញ។ ទោះបីជាយ៉ាងណា ពួកគេនៅតែមានការព្រួយបារម្ភអំពីរលក២នៃការរាលដាលសារជាថ្មីផងដែរ៕

 

ប្រភព៖ Yonhap ប្រែសម្រួល៖ ជា​ បញ្ញា