រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា មិនមានសញ្ញាអ្វីពីលោក គីម ជុងអ៊ុនឡើយ និងថាកូរ៉េខាងជើងប្រឈមហានិភ័យគ្រោះអត់ឃ្លាន
វ៉ាស៊ីងតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃយ៍ ប៉ុមប៉េអូ បានឲ្យដឹងកាលពីថ្ងៃទីពុធ សប្តាហ៍នេះថា មិនមានសញ្ញាណាមួយពីមេដឹងនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឡើយ ហើយថាសហរដ្ឋអាមេរិកកំពុងតាមដានរបាយការណ៍យ៉ាងយកចិត្តទុកដាក់អំពីសុខភាពរបស់គាត់ ហើយថាមានហានិភ័យគ្រោះអត់ឃ្លានយ៉ាងពិតប្រាកដនៅកូរ៉េខាងជើងដោយសារវិបត្តិកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមិនបានរាយការណ៍អំពីកន្លែងរបស់លោក គីម ជុងអ៊ុន ឡើយចាប់តាំងពីលោកលេចមុខចុងក្រោយបំផុតនៅថ្ងៃទី១១ ខែមេសា។ រឿងនេះបានបង្កឲ្យមានមន្ទិលសង្ស័យជាច្រើនអំពីស្ថានភាពសុខភាពរបស់លោក និងនាំឲ្យមានក្តីកង្វល់អំពីអស្ថេរភាពនៅក្នុងប្រទេសផលិតអាវុធនុយក្លេអ៊ែរមួយនេះ ដែលអាចបង្កឲ្យប៉ះពាល់ដល់បណ្តាប្រទេសនៅអាស៊ីខាងកើត និងសហរដ្ឋអាមេរិក។
លោក ប៉ុមប៉េអូ បាននិយាយថា ពិតជាមានហានិភ័យយ៉ាងពិតប្រាកដដែលថានឹងមានគ្រោះអត់ឃ្លាន និងកង្វះស្បៀងអាហារនៅកូរ៉េខាងជើង។ សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងហ្មត់ចង់លើរឿងនេះ ដែលថាប្រទេសនេះពិតជាមានផលប៉ះពាល់លើបេសកកម្មរបស់សហរដ្ឋអាមេរិកចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែបាននិយាយថាលោក គីម ជុងអ៊ុន ទំនងកំពុងស្នាក់នៅក្នុងទីក្រុងវ៉ុនសាន់ ដើម្បីគេចចេញពីការឆ្លងវីរុសកូវីដ១៩ ដែលរឿងនេះបានបង្កឲ្យមានមន្ទិលសង្ស័យនាំឲ្យមានការផ្សព្វផ្សាយថាលោកឈឺជាទម្ងន់។
ទោះបីជាយ៉ាងណាប្រទេសទាំងពីរមានការប្រយ័ត្នប្រយែងអំពីរបាការណ៍សុខភាព និងទីតាំងរបស់លោក គីម ជុងអ៊ុន ដែលត្រូវបានគេលាក់ការយ៉ាងសម្ងាត់បំផុត។ ព័ត៌មានដែលអាចទុកចិត្តបានពិតជាពិបាកស្វែងរកណាស់ក្នុងប្រទេសកូរ៉េខាងជើងដ៏អាថ៌កំបាំងមួយនេះ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គម្រោងឃ្លាំងមើលកូរ៉េខាងជើងឈ្មោះ 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា មានរថភ្លើងពិសេសមួយគ្រឿងដែលគេសន្និដ្ឋានថាជារបស់លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញតាមរយៈប្រព័ន្ធផ្កាយរណបថាស្ថិតនៅឯទីក្រុង វ៉ុនសាន់ កាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា។
កាលពីថ្ងៃអង្គារសប្តាហ៍នេះដែរ គេហទំព័រឃ្លាំងមើលកូរ៉េខាងជើងមួយឈ្មោះ NK PRO ក៏បានរាយការណ៍ដែរថា តាមរយៈរូបភាពពីប្រព័ន្ធផ្កាយរណប គេឃើញមានទូកដែរលោក គីម ជុងអ៊ុន ប្រើប្រាស់ជាញឹកញាប់ធ្វើចលនាប្តូរកន្លែង ដែលគេសន្មត់ថា លោក ឬមន្រ្តីរបស់លោកទំនងជានៅទីក្រុង វ៉ុន សាន់នោះ។
គម្រោង 38 North ក៏បានបញ្ជាក់ផងដែរថា តាមរូបភាពថ្មី គេឃើញថារថភ្លើងនោះហាក់មិនមានសកម្មភាពត្រៀមខ្លួនធ្វើដំណើរចាកចេញពីស្ថាននីយឡើយ ដោយថាគេមិនបានឃើញក្បាលរថភ្លើងចតនៅចុងប៉ែងខាងត្បូងឡើយ។ គម្រោងនេះបានឲ្យដឹងថា ស្ថានីយរថភ្លើងនេះអាចប្រើប្រាស់បានសម្រាប់តែគ្រួសារមេដឹកនាំត្រកូលគីម តែប៉ុណ្ណោះ ធ្វើឲ្យមានទម្ងន់បន្ថែមដល់ការសន្និដ្ឋានថាលោក គីម ជុងអ៊ុន កំពុងស្នាក់នៅទីក្រុងវ៉ុនសាន់។
លោក ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តផ្តោតលើកម្មវិធីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានជួបលោក គីម ជុងអ៊ុន ចំនួន ៣ដងក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ដើម្បីបញ្ចុះបញ្ចូលលោកឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក។ ខណៈពេលដែលកិច្ចពិភាក្សាបានជាប់គាំង លោក ត្រាំ នៅតែបន្តរាប់អានលោកគីម ជុងអ៊ុន ជាមិត្តម្នាក់របស់លោក។
លោក ប៉ុមប៉េអូ មិនបានលំអិតអំពីហានិភ័យនៃគ្រោះអត់ឃ្លាននៅកូរ៉េខាងជើងឡើយ ប៉ុន្តែថាកូរ៉េខាងជើងបានបញ្ចូនគណៈប្រតិភូរបស់ខ្លួនទៅប្រទេសចិន ដែលគេរំពឹងថានឹងទៅដល់នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ស្បៀងអាហារ និងបញ្ហាពាណិជ្ជកម្ម ស្របពេលដែលវីរុសកូវីដ១៩បានបង្អាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារក្នុងប្រទេសនេះ។
សូមរម្លឹកផងដែរថា កូរ៉េខាងជើងដែលនៅឯកោរ និងស្ថិតក្នុងភាពក្រីក្រ មានមនុស្សប្រមាណ ១,១ លាននាក់បានស្លាប់ដោយសារគ្រោះអតឃ្លានក្នុងអំឡុងទស្សវតន៍ឆ្នាំ១៩៩០។ នេះបើតាមការប៉ាន់ប្រមាណរបស់កូរ៉េខាងត្បូង៕
ប្រភព៖ Reuter ប្រែសម្រួល៖ ចាប មិថុនា